(ភ្នំពេញ)៖ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ ដើម្បីកំណើនប្រកបដោយចីរភាពនិងភាពធន់» ក្រោមអធិបតីភាពលោក ម៉ៅ សុចា ប្រធានស្ដីទីនៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានីភ្នំពេញ និងលោកជំទាវឧកញ៉ា កែវ មុំ អគ្គនាយិកាក្រុមហ៊ុន លី លី ហ្វូដ អ៉ីនដាសទ្រី ខូ អិលធីឌី ព្រមទាំងមានវត្តមានចូលរួមពីសំណាក់មន្ត្រីរាជការ កម្លាំងសមត្ថកិច្ច បុគ្គលិកក្រុមហ៊ុន កម្មករនិយោជិត សរុបប្រមាណ១៥០នាក់ (ស្រី៩០នាក់) នៅក្រុមហ៊ុន លី លី ហ្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នាឱកាសនោះដែរ លោកជំទាវឧកញ៉ា កែវ មុំ បានរាយការណ៍ពីសកម្មភាពមួយចំនួននៅក្នុងក្រុមហ៊ុន លី លី ហ្វូដ អ៉ីនដាសទ្រី ខូ អិលធីឌី ក្នុងការចូលរួមលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ ពិសេសគឺសិទ្ធិនិងអត្ថប្រយោជន៍របស់កម្មករនិយោជិត សន្តិសុខសង្គម ការបណ្ដុះបណ្ដាលបំពាក់បំប៉នជំនាញ ការអនុវត្តច្បាប់ស្ដីពីការងារ ការយកចិត្តទុកដាក់ពីការងារសមរម្យដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាមន្ទីរក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានីភ្នំពេញ តែងតែរំឭកនិងតាមដានពីការអនុវត្តជាប់ជានិច្ច។
លោកជំទាវឧកញ៉ា កែវ មុំ បានកោតសរសើរចំពោះលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលខិតខំចុះធ្វើសកម្មភាពយ៉ាងមមាញឹកក្នុងការកម្ពស់សុវត្ថិភាពនិងសុខភាពការងារ សិទ្ធិនិងអត្ថប្រយោជន៍របស់កម្មករនិយោជិត ការអនុវត្តច្បាប់ស្ដីពីការងារ សន្តិសុខសង្គម ការយកចិត្តទុកដាក់ពីគោលការណ៍ការងារសមរម្យជាដើម ពិសេសគឺបានដឹកនាំជួយឱ្យវិស័យការងារកាន់តែរីកចម្រើន។
ជាមួយគ្នានោះដែរ លោកប្រធានមន្ទីរស្ដីទី ម៉ៅ សុចា បានឱ្យដឹងថា ពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតនាថ្ងៃនេះ មានគោលបំណងជួយចូលរួមសម្រេចឱ្យបាននៅសូចរនាករគន្លឹះដែលបានកំណត់ក្នុងកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ ហើយក៏ជាទស្សនវិស័យសម្រាប់គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍ ដៃគូសង្គម អង្គការវិជ្ជាជីវៈ និយោជក និងបងប្អូនកម្មករនិយោជិត។ ម្យ៉ាងទៀត ក៏ជាការរួមគ្នាបន្តលើកកម្ពស់លក្ខខណ្ឌការងារសិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈទំនាក់ទំនងវិជ្ជាជីវៈ និងអត្ថប្រយោជន៍នានារបស់បងប្អូនកម្មករនិយោជិតកាន់តែល្អប្រសើរឡើង។
លោកប្រធានមន្ទីរស្ដីទី ម៉ៅ សុចា បានបន្តថា ក្រោមការដឹកនាំរបស់សម្តេមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការ បានចូលរួមអបអរសារទរទិវាពលកម្មអន្តរជាតិ ១ ឧសភា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ដែលមានការចូលរួមពីអង្គការវិជ្ជាជីវៈ សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា សរុបចំនួន ៥,៦៩៦នាក់។
លោកបានបន្តទៀតថា ពិធីរំលឹកខួបលើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នាព្រឹកនេះដែរ មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងអត្ថន័យដើម្បីពិនិត្យដោះស្រាយសំណូមពរនិងកង្វល់ផ្សេងៗរបស់អង្គការសហជីព និងបងប្អូនកម្មករនិយោជិត ស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រទេសជាតិ។ ហើយនេះក៏ជាវេទិកាបើកចំហមួយដែលគ្រប់ភាគីពាក់ព័ន្ធអាចចូលរួម និងលើកជាសំណូមពរនិងកង្វល់របស់ខ្លួន ដោយមិនចាំបាច់ដើរហែក្បួនដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងប្រឈមនានាឡើយ។
ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នេះដែរ ក៏មានការចែកវត្ថុអនុស្សាវរីយ៍មួយចំនួន ដល់បងប្អូនកម្មករ-កម្មការិនី និងប្រគល់លិខិតថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ នូវការខិតខំប្រឹងប្រែងជួយដល់ខឿនសេដ្ឋកិច្ចសង្គម ជូនដល់លោកស្រីឧកញ៉ា កែវ មុំ អគ្គនាយិកាក្រុមហ៊ុន លី លី ហ្វូដ អ៉ីនដាសទ្រី ខូ អិលធីឌី ផងដែរ៕