អ្នកឧកញ៉ា សួរ វីរៈ បានឆ្លើយតបនឹងការជូនដំណឹងស្ដីពីការរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ដោយលោកគ្រោងត្រៀមថវិកាចំនួន ២០០លានរៀល ដើម្បីប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ។
ការរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ក្នុងខែមិថុនានេះ ជាការចូលរួមអបអរសាទរ “ទិវាកុមារអន្តរជាតិ ១ មិថុនា” និងដើម្បីជាការរម្លឹកឱ្យមានការបន្តបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលបំណងរួមមួយ គឺនាំក្តីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ នៅកម្ពុជា។
គួររម្លឹកថា មូលនិធិគន្ធបុប្ផាកម្ពុជា សូមបន្តអំពាវនាវ និងលើកទឹកចិត្តសប្បុរសជនដែលមានបំណងចូលរួមនាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា, សូមជួយផ្សព្វផ្សាយបន្តអំពីយុទ្ធនាការនេះ តាមមធ្យោបាយរៀងៗខ្លួន។