(រាជធានីភ្នំពេញ)៖ នាថ្ងៃទី២១-២២ ខែឧសភា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញទន់ និងជំនាញបច្ចេកទេសពាក់ព័ន្ធនឹងច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និង បទប្បញ្ញត្តិពាក់ព័ន្ធ» ក្រោមអធិបតីភាព លោក គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. លោក ង៉ែត ចេក អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោកស្រី គង់ ដារ៉ែន ទីប្រឹក្សាជាន់ខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍វិស័យឯកជន (GIZ)។
សមាសភាពចូលរួមក្នុងវគ្គបណ្តុះបណ្តាលរួមមាន លោក លោកជំទាវ សមាជិកគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» ឯកឧត្តម លោកជំទាវ លោក អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត ប្រធានការិយាល័យ និងមន្ត្រីរាជការនៃអគ្គនាយកដ្ឋាន ក.ប.ប. សរុប ១១០រូប។
វគ្គបណ្តុះបណ្តាលនេះត្រូវបានបែងចែកជា២ថ្ងៃ ដោយផ្តោតសំខាន់លើ៖
– ថ្ងៃទី១ ជំនាញទន់ រួមមាន៖
(១.) ការគិតបែបត្រិះរិះពិចារណា និងជំនាញដោះស្រាយបញ្ហា (តាមរយៈការប្រើប្រាស់ Gen AI)
(២.) ផ្នត់គំនិត (ជំនាញក្នុងការអភិវឌ្ឍន៍ផ្ទាល់ខ្លួន ការគិតបែបយុទ្ធសាស្ត្រ និង
(៣.) ភាពជាអ្នកដឹកនាំ
– ថ្ងៃទី២ ជំនាញបច្ចេកទេស ពាក់ព័ន្ធនឹងច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ
គោលបំណងនៃការរៀបចំវគ្គបណ្តុះបណ្តាល ទាំង២ថ្ងៃនេះ គឺដើម្បីជំរុញ និងលើកកម្ពស់ការយល់ដឹងបន្ថែមមួយកម្រិតទៀត ជូនថ្នាក់ដឹកនាំ ប្រធាននាយកដ្ឋាន ប្រធានសាខា និងប្រធានការិយាល័យ នូវជំនាញក្នុងការដឹកនាំ ជំនាញក្នុងការគិតត្រិះរិះពិចារណា និងជាពិសេសជំនាញក្នុងការប្រើប្រាស់ AI ជាជំនួយដល់ការបំពេញការងារប្រចាំថ្ងៃ ក៏ដូចជាពង្រឹងជំនាញបច្ចេកទេស បន្ថែមដល់មន្ត្រីស៊ើបអង្កេត ដើម្បីគាំទ្រដល់ការអនុវត្តច្បាប់ឱ្យទទួលបានប្រសិទ្ធភាព។
សូមបញ្ជាក់ផងដែរថា នេះជាវគ្គបណ្ដុះបណ្ដាលផ្ទៃក្នុងលើកទី១ ក្នុងឆ្នាំ២០២៥ ក្រោមការគាំទ្រដោយទីភ្នាក់ងារ GIZ ហើយគ្រោងនឹងរៀបចំបន្តទៀត ស្របតាមផែនការដែលបានគ្រោងទុក៕