នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ រដ្ឋមន្រ្តី សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្ដីពី ការរៀបចំសៀវភៅគោលការណ៍ណែនាំរួមស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងផ្សព្វផ្សាយអនុក្រឹត្យ ស្ដីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងអធិការកិច្ច តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពថវិកាទាំងអស់ និងមន្ទីរអធិការកិច្ចរាជធានី-ខេត្ត នៅសណ្ឋាគារសាន់ & មូន រីវើសាយ។
ថ្លែងក្នុងអង្គសិក្ខាសាលា រដ្ឋមន្រ្តី បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈត្រូវបានដាក់ឱ្យអនុវត្តតាំងពីខែធ្នូ ឆ្នាំ២០០៤ និងជាអាទិភាពសម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយនិងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននិងកំពុងចូលរួមតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជន តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលមានស្នូលផ្ដោតលើ «ការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច»។
រដ្ឋមន្រ្តី បានលើកឡើងថា គោលបំណងរបស់សិក្ខាសាលាថ្ងៃនេះ គឺដើម្បីពិនិត្យពិគ្រោះយោបល់ និងប្រមូលធាតុចូលបន្ថែមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការរៀបចំ សៀវភៅគោលការណ៍ណែនាំរួមស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងដើម្បីផ្សព្វផ្សាយអនុក្រឹត្យ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ច។ រដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការដាក់ចេញនូវ យុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ចនាពេលកន្លង នឹងចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលលើ «ការកែទម្រង់និងអភិបាលកិច្ច»។
រដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងអធិការកិច្ច ដែលបានសហកាជាមួយអង្គភាពពាក់ព័ន្ធដើម្បីរៀបចំសៀវភៅគោលការណ៍ណែនាំរួមនាពេលកន្លងមក និងសំណូមពរដល់អង្គសិក្ខាសាលាទាំងមូលឱ្យចូលរួមពិភាក្សាគ្នាឱ្យបានផុលផុស ដើម្បីធ្វើឱ្យកាន់តែប្រសើរបន្ថែមទៀតនូវ សៀវភៅគោលការណ៍ណែនាំរួមស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។