(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ លោក គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែឧសភា ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកជំទាវ លោក លោកស្រី ជាអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានសាខា អនុប្រធានសាខា ក.ប.ប. រាជធានី ខេត្ត និងប្រធានការិយាល័យថ្នាក់កណ្ដាលទាំងអស់។
របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
១. មតិបើកកិច្ចប្រជុំរបស់ឯកឧត្ដមអគ្គនាយកប្រធានអង្គប្រជុំ
២. របាយការណ៍សង្ខេបរបស់នាយកដ្ឋានទាំង៦
៣. បទអន្តរាគមន៍របស់ឯកឧត្ដម លោកជំទាវ លោក អគ្គនាយករង
៤. របាយការណ៍សង្ខេបរបស់សាខា ក.ប.ប. រាជធានី ខេត្ត
ថ្លែងក្នុងកិច្ចប្រជុំនេះ លោកអគ្គនាយកប្រធានអង្គប្រជុំ បានផ្ដល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ត្រូវចេះចូលរួមសហការគ្នាដើម្បីបំពេញការងារឱ្យបានរលូន និងមានប្រសិទ្ធភាពខ្ពស់ រួមចំណែកថែរក្សាសុខភាព សុវត្ថិភាព និងផលប្រយោជន៍ របស់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ និងធានាអោយការធ្វើពាណិជ្ជកម្មប្រកបដោយសមធម៌ និងបរិយាកាសនៃការប្រកួតប្រជែងមានលក្ខណៈស្មោះត្រង់។