ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សាស្រ្តាចារ្យ សិស្ស-និស្សិតម្នាក់ ជាអ្នកផ្សព្វផ្សាយទេសចរណ៍ និងជាអ្នកទេសចរក្នុងរដូវកាលបៃតង (Green Season)

នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ រដ្ឋមន្ត្រី ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីការជំរុញចលនាទេសចរណ៍របស់សិស្ស-និស្សិតក្នុងរដូវកាលបៃតង (Green Season) ដើម្បីជំរុញវិស័យទេសចរណ៍ក្នុងស្រុក បង្កើនចំណេះដឹងអំពីតំបន់សក្តានុពលទេសចរណ៍ ធនធានធម្មជាតិ វប្បធម៌ និងការរីកចម្រើននៃសេដ្ឋកិច្ចសហគមន៍ ដោយកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក សុះ ហ្វាស៊ី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា, លោក គឹម មិនា នាយកប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB), លោក លោកជំទាវ សាកលវិទ្យាធិការ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា សហព័ន្ធសេវាអប់រំនៅកម្ពុជា លោក លោកស្រី តំណាងសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនគ្រប់កម្រិត លោក លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ លោក លោកជំទាវ ឧកញ៉ា លោក លោកស្រី ប្រធាន និងតំណាងសមាគមទេសចរណ៍កម្ពុជា, សហព័ន្ធទេសចរណ៍កម្ពុជា, សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា, សមាគមសណ្ឋាគារកម្ពុជា, សមាគមភោជនីយដ្ឋានកម្ពុជា, និងក្រុមហ៊ុនដឹកជញ្ជូន លោក លោកស្រី ប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Zoom) សរុបចំនួន៨៩នាក់ នៅទីស្តីការក្រសួងទេសចរណ៍។

រដ្ឋមន្ត្រី បានយកឱកាសនេះ អំពាវនាវឱ្យមានការចូលរួមទាំងអស់គ្នាក្នុងយុទ្ធនាការទេសចរណ៍នៅក្នុងរដូវកាលបៃតង ដែលនឹងជាចលនាជាតិមួយ មិនត្រឹមតែជាសកម្មភាពក្នុងគ្រឹះស្ថាន ១ ឬសម្រាប់និស្សិត១ក្រុមនោះទេ, ប៉ុន្តែ ជាការចូលរួមជាមួយយុទ្ធនាការរបស់រាជរដ្ឋាភិបាលក្នុងការជំរុញកំណើនភ្ញៀវទេសចរក្នុងស្រុក ការជំរុញម៉ាក្រូសេដ្ឋកិច្ច ទ្រទ្រង់កំណើនសេដ្ឋកិច្ច បង្កើនចំណូលជាតិ ការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ ដែលជាប្រភពបង្កើតការងារ បង្កើនចំណូលដល់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា និងប្រជាសហគមន៍ដោយផ្ទាល់ និងដោយប្រយោល ការជំរុញការនាំចេញនៅនឹងកន្លែង និងចូលរួមដល់ការអភិរក្សវប្បធម៌ និងថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិរបស់កម្ពុជា ប្រកបដោយប្រសិទ្ធភាព និរន្តភាព និងការទទួលខុសត្រូវខ្ពស់។

ជាមួយគ្នានេះ រដ្ឋមន្ត្រី បានស្នើដល់ថ្នាក់ដឹកនាំសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា, សហព័ន្ធសេវាអប់រំនៅកម្ពុជា, គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន គ្រប់កម្រិត ជួយជំរុញលើកទឹកចិត្តសមាគមនិស្សិត និងនិស្សិត ធ្វើកម្មសិក្សា ឬ ចុះទស្សនកិច្ចសិក្សា នៅតាមបណ្តាខេត្តនានានៅកម្ពុជា (ឬការផ្លាស់ប្តូរនិស្សិត រវាងខេត្ត និងខេត្ត ឬ និស្សិតនៅខេត្ត មកទស្សនកិច្ចនៅភ្នំពេញវិញ) នៅក្នុងអំឡុងពេលរដូវកាលបៃតង ដោយហេតុថាវិស័យឯកជន ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកទ្រទ្រង់ និងលើកកម្ពស់វិស័យទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ តាមការចូលរួមបញ្ចុះតម្លៃទស្សនកិច្ច បញ្ចុះតម្លៃសេវាស្នាក់នៅ ភោជនីយដ្ឋាន-អាហារដ្ឋាន សេវាដឹកជញ្ជូនជាដើម ទន្ទឹមនឹងនេះ មន្ទីរទេសចរណ៍រាជធានី ខេត្ត នឹងរៀបចំព្រឹត្តិការណ៍ធ្វើពិពិធកម្មព្រឹត្តិការណ៍ថ្មី​ ប្រកបដោយភាពច្នៃប្រឌិត និងទាក់ទាញ ចុះត្រួតពិនិត្យ និងពង្រឹងគុណភាពសេវាកម្ម និងផលិតផលទេសចរណ៍ជាប្រចាំ និងម៉ត់ចត់ ព្រមទាំងចូលរួមជួយសម្របសម្រួលថែរក្សាការពារដល់ដំណើរទស្សនកិច្ចសិក្សារបស់ក្រុមនិស្សិតដែលចុះទៅមូលដ្ឋានរបស់ខ្លួនឱ្យបញ្ចប់ដោយជោគជ័យ សុខសុវត្ថិភាព និងក្តីសោមន្សរីករាយ ពិសេសពាំនាំនូវអនុស្សាវិរីយ៍ល្អៗ មិនអាចបំភេ្លចបានពីទីកន្លែង ប្រជាជន និងអាជ្ញាធរដែលខ្លួនបានជួបប្រាស្រ័យទាក់ទង។