ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

«ទឹកធ្លាក់ជ្រាវ» ជាទីលម្ហែកាយដ៏ត្រជាក់ត្រជុំសម្រាប់ទេសចរជាតិ អន្តរជាតិ សម្រាកលម្ហែនារដូវកាលបៃតង (Green Season)

ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ រដ្ឋមន្ត្រី ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង និងសំណេះសំណាលជាមួយសិស្ស និស្សិតដែលកំពុងសិក្សាជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ចចំនួន ២០នាក់ និងជាពិសេសការសំណេះសំណាលជាមួយសហគមន៍គោកមានទីនៅ «ទឹកធ្លាក់ជ្រាវ» ដែលជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល និងជាទីទេសចរណ៍មួយ មានទឹកធ្លាក់កម្ពស់រហូតដល់ ១៥០ម៉ែត្រ អមជាមួយសម្រស់ធម្មជាតិព្រៃភ្នំស្ថិតនៅតំបន់ភ្នំឱរ៉ាល់ និងមានសត្វព្រៃជាច្រើនប្រភេទ បានត្រៀមខ្លួនរួចរង់ចាំទេសចរជាតិ អន្តរជាតិទៅកម្សាន្តគយគន់ទស្សនាទេសភាពព្រៃភ្នំ ស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនារដូវកាលបៃតង។

សូមជម្រាបជូនថា «ទឹកធ្លាក់ជ្រាវ» ជាតំបន់ទេសចរណ៍មួយដែលមានឈ្មោះល្បីក្នុងខេត្តកំពង់ស្ពឺ បានទាក់ទាញភ្ញៀវទេសចរ តាមរយៈសម្រស់ទឹកធ្លាក់ដែលអាចឱ្យទេសចរងូតទឹកលេងកម្សាន្ត មើលសម្រស់ព្រៃឈើយ៉ាងស្រស់បំព្រង ហើយអាចបោះតង់សម្រាកនៅចង្កេះភ្នំជ្រាវ គេងស្ដាប់សំឡេងសត្វព្រៃជាមួយអាកាសធាតុត្រជាក់ និងមើលសម្រស់ព្រៃភ្នំ ដែលមានទីតាំងស្ថិតនៅភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។