ភ្នំពេញ៖ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ លោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក ថាមានចម្ងល់ សំនួរ និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ពាក់ព័ន្ធនឹងភ្លើងបំភ្លឺផ្លូវ។
ឆ្លើយតបនឹងមតិយោបល់របស់សាធារណជនពាក់ព័ន្ធនឹងការបំពាក់ភ្លើងបំភ្លឺតាមដងផ្លូវល្បឿនលឿន៖
១/-ផ្លូវល្បឿនលឿនត្រូវបានបំពាក់នូវប្រព័ន្ធចំណាំងផ្លាតលើផ្លូវ ដែលអាចឆ្លុះបញ្ចាំងឃើញគំនូសផ្លូវ ទ្រូងផ្លូវ គំនូសបែងចែកគន្លងផ្លូវ និងរបាំងកណ្តាលបានយ៉ាងច្បាស់លាស់។ ពេលអ្នកបើកបរបើកភ្លើងបំភ្លឺផ្លូវខាងមុខនៅពេលយប់ ប្រព័ន្ធចំណាំងផ្លាតគន្លងផ្លូវទាំងសងខាងនឹងផ្លាតពន្លឺបានយ៉ាងច្បាស់នៅពេលប៉ះជាមួយភ្លើងរថយន្ត។
២/-ផ្លូវល្បឿនលឿន គឺមិនអនុញ្ញាតិឱ្យអ្នកថ្មើរជើង ទោចក្រយាន (កម្លាំងក្រោម៥០០CC) ត្រីចក្រយាន យានអូសដោយសត្វ ម៉ូតូកង់បួនប្រើប្រាស់ផ្លូវនេះទេ។ ភ្លើងបំភ្លឺផ្លូវជាធម្មតា គឺរចនាឡើងដើម្បីសម្រួលដល់អ្នកថ្មើរជើរ និងទោចក្រ ឬត្រីចក្រយានក្នុងករណីគ្មានពន្លឺបញ្ចាំង ឬខ្សោយពន្លឺ។
៣/-ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពល ព្រមទាំងគិតគូរអំពីបរិស្ថាន និងផលប៉ះពាល់ផ្សេងៗជាយថាហេតុ ម៉្យាងវិញទៀតបង្គោលភ្លើងត្រូវមានចន្លោះកំណត់ ពន្លឺដែលបំភ្លឺតាមផ្លូវអាចមានការបំភ្លឺមិនស្មើគ្នា ខ្លះភ្លឺខ្លះងងឹត។ ក្នុងការបើកបរដោយល្បឿនលឿន ការប្រែប្រួលពន្លឺបែបនេះអាចធ្វើឱ្យភ្នែកអស់កម្លាំង ឆាប់ហត់ និងបង្កការងងុយក្នុងការបើកបរ ដែលអាចបណ្តាលឱ្យមានហានិភ័យលើសុវត្ថិភាពចរាចរណ៍។
ការមិនដំឡើងអំពូលភ្លើងបំភ្លឺតាមដងផ្លូវគឺជាការអនុវត្តតាមគោលការណ៍និងមាត្រដ្ឋានដែលទទួលស្គាល់ពីអន្តរជាតិ។
លោក ផន រឹម ក៏សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរចំពោះការចូលរួមបញ្ចេញមតិស្ថាបនា ប្រកបដោយសីលធម៌ពាក់ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។
មតិយោបល់របស់លោកអ្នកពិតជាមានសារៈសំខាន់ សម្រាប់ធ្វើការកែលម្អ បំពេញបន្ថែមនូវចំណុចខ្វះខាត ដើម្បីផ្តល់សេវាកម្មឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត ៕