ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖ បារាំងអាចផ្ដល់ឯកសារដល់កម្ពុជា-ថៃសម្រាប់សំណុំរឿងព្រំដែន នៅតុលាការ ICJ

សំណុំរឿងព្រំដែន នៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបីត្រូវបាន លោក Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង សន្យានឹងជួយសម្របសម្រួលផ្ដល់ឯកសារផ្សេងៗ ដល់កម្ពុជា-ថៃសម្រាប់ដំណើរការទៅកាន់តុលាការយុតិ្តធម៌អន្តរជាតិ ICJ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ។

ក្នុងសន្និសីទសារព័ត៌មាននៅព្រលានយន្តហោះភ្នំពេញ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញត្រឡប់ពីចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅប្រទេសបារាំងនាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលលបន្ទុកកិច្ចការការបរទេស បានថ្លែងថា«ខ្ញុំសូមអះអាងថា ប្រធានាធិបតីបារាំងម៉ាក្រុងបានថ្លែងបញ្ជាក់ថា បារាំងអាចជួយសម្រួល ជួយសម្របសម្រួល ជាអាទិ៍តាមរយៈការផ្ដល់ឯកសារ ឯកសារនេះ ឬឯកសារនោះ ដល់ភាគីទាំងពីរ ដល់ថៃផង ដល់កម្ពុជាផង បើសិនជាមានការចាំបាច់»។

ជាមួយគ្នានេះ លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានរម្លឹកខ្លឹមសារក្នុងជំនួបទ្វេភាគីរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយ លោក Emmanuel Macron នៅទីក្រុងនីស ប្រទេសបារាំង ដោយសម្ដេចធិបតី បានលើកឡើង ទី១.កម្ពុជានៅតែបន្តរក្សាសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការជាមួយនឹងថៃ។ ទី២.កម្ពុជាច្បាស់ណាស់ បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងបញ្ហានៅតំបន់មុំបី បញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ ICJហ្នឹងជាការពិតប្រកែកមិនបាន សម្រេចរួចហើយកំពុងតែដំណើរការ «ខ្ញុំសូមបញ្ជាក់ឡើងវិញ គោលដៅគឺរកឱ្យឃើញដោយសន្តិវីធី ឱ្យបានឆាប់ ឱ្យបានចប់ជាស្ថាពរដំណោះស្រាយបញ្ហាព្រំដែនឱ្យដាច់ស្រេចជាស្ថាពរ ហេតុអ្វី ? កម្ពុជាមិនចង់បន្សល់ទុកបញ្ហាច្រំដែលទាំងនេះ ឱ្យនៅបន្តវែងឆ្ងាយទៅមុខទៀតរហូតដល់អាចបង្កឱ្យកើតជាព្រឹត្តិការណ៍ផ្ទុះអាវុធជាថ្មី»។

ទី៣. ជំហររបស់កម្ពុជា ទន្ទឹមនេះនៅក្រៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី កម្ពុជាបន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែនដែលនៅសេសសល់ដោយប្រើប្រាស់យន្តការដែលដែលមានស្រាប់ យន្តការគណៈកម្មការព្រំដែនចម្រុះ JBC កម្ពុជាថៃដដែល។ទី៤. គោលជំហររបស់កម្ពុជាគឺបន្តទំនាក់ទំនងកម្ពុជាថៃតាមរយៈគ្រប់យន្តការដែលមានស្រាប់ដើម្បីជាឧត្តមប្រយោជន៍នៃប្រទេសទាំងពីរ សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជាថៃ៕