នាព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៥ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ក្រោមការដឹកនាំរបស់ លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. និងដោយមានវត្តមានចូលរួមពីសំណាក់លោក លោកជំទាវ អនុប្រធាន និងសមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ប្រមាណ ៥០០ នាក់។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងតាមដាន ត្រួតពិនិត្យវឌ្ឍនភាពការងារផែនការយុទ្ធសាស្រ្ត និងកម្មវិធីផ្សេងៗ ដែល ស.ស.យ.ក. បានអនុវត្តកន្លងមក រួមទាំងកំណត់អាទិភាព លើកទិសដៅសកម្មភាពបន្ត ស្វែងរកធាតុចូលបន្ថែម តាមរយៈកិច្ចពិភាក្សា និងបទអន្តរាគមន៍នានា ដើម្បីផ្សាភ្ជាប់ផែនការការងារឲ្យស្របតាមការវិវត្តជាក់ស្តែងរបស់សង្គម ។ ការជួបជុំគ្នានាឱកាសនេះ ក៏ជាការពង្រឹង និងពង្រីកសាមគ្គីភាពនៃក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។
សូមជម្រាបថា កិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក. នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៤ ថ្ងៃ នៅខេត្តសៀមរាប ដោយរូមបញ្ចូលរបៀបវារៈមួយចំនួនរួមមានពិធីបើកដោយផ្តោតលើការស្តាប់របាយការណ៍នៃកិច្ចពិភាក្សា បទអន្តរាគមន៍ កម្មពិធីពង្រឹងស្មារតីក្រុមដោយផ្សាភ្ជាប់នឹងការចូលរួមរបស់សមាជិក សមាជិកា ក្នុងបុព្វហេតុសប្បុរសធម៌ និងពិធីបិទ។















