ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្មកររោងចក្រឡឺក្រោនស៊ូប្រមាណ6 ពាន់នាក់ផ្ទុះការតវ៉ា ក្រោយរោងចក្របញ្ឈប់កម្មករប្រមាណ800ជាងនាក់ដោយគ្មានហេតុផល

កំពង់ចាម ៖ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រុមកម្មករដេរស្បែកជើងប្រមាណ6000នាក់ធ្វើការនៅ រោងចក្រឈ្មោះឡឺក្រោនស៊ូ អ៊ិនដាស្ទ្រីល បាននាំគ្នាតវ៉ាមិនចូលធ្វើការ ដោយសារតែតំណាងរោងចក្របានបញ្ឈប់ការងារកម្មករប្រមាណជាង800នាក់ដោយគ្មានហេតុផល និងបំពានច្បាប់ស្តីពីការងារនៅកម្ពុជា។
ការតវ៉ានេះមានរយៈពេល២ថ្ងៃមកហើយ ស្ថិតនៅរោងចក្រ ក្នុងភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយក្រុមកម្មករបានបញ្ជាក់ថា ពួកគាត់ធ្វើការនៅទីនេះ១៣ ទៅ១៤ឆ្នាំមកហើយ មិនដែលមានបញ្ហាអ្វីទេ ស្រាប់តែមានប្រធានរដ្ឋបាលថ្មីប្រមាណ២ឆ្នាំចុងក្រោយនេះ តែងតែធ្វើទុកបុកម្នេញពួកគាត់មិនចេះចប់មិនចេះហើយ ដោយគ្មានហេតុផល។ រហូតតំណាងរោងចក្របញ្ឈប់ពួកគាត់ពីការងារថែមទៀត។
ក្រុមកម្មករបានទទូចស្នើសុំដល់ក្រុមហ៊ុនអ្នបញ្ជាទិញ VF Corporation ដែលជាក្រុមហ៊ុនផ្គត់ផ្គង់Order ឱ្យរោងចក្រ ឡឺ ក្រោនស៊ូ ផលិតរាល់ថ្ងៃ និង ក្រសួងការងារ រួមទាំងស្ថាប័នពាក់ព័ន្ធឲ្យជួយអន្តរាគមន៍ដោះស្រាយជូនពួកគាត់ស្របតាមច្បាប់ស្តីពីការងារ និងចាត់វិធាការចំពោះប្រធានរដ្ឋបាលថ្មីដែលជាមេខ្លោងបញ្ជាអោយកាត់លុយពីកម្មករតាមអំពើចិត្ត ហើយស្នើសុំឱ្យទទួលយកពួកគាត់ចូលធ្វើការជាធម្មតាឡើងវិញ។
ក្រុមកម្មករក៏ទទូចស្នើសុំឲ្យមានតំណាងកម្មករ និងតំណាងសហជីព ប្រជុំពិភាក្សាគ្នាវែកញែកពីផ្លូវច្បាប់ជាមុនដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមកម្មករ និងដើម្បីរកដំណោះស្រាយជាមួយភាគីពាក់ព័ន្ធ។
ក្រុមកម្មករបានអោយដឹងទៀតថាសកម្មភាពបញ្ឈប់ពីការងាររួមគ្នារាប់រយនាក់របស់ភាគឺខាងរោងចក្រ ឡឺ ក្រោនស៊ូ គឺធ្វើឡើងភ្លាមៗដោយគ្មានជូនដំណឹងជាលាយលក្ខអក្សរដល់ប្រតិភូបុគ្គលិក និងតំណាងសហជីពដើម្បីប្រជុំពិភាក្សាអំពីលំដាប់នៃការកាត់បន្ថយដើម្បីអនុវត្តអោយបានត្រឹមត្រូវស្របតាមខ្លឹមសារមាត្រា៩៥ នៃច្បាប់ស្តីពីការងារ។
នៅព្រឹកថ្ងៃទី៩ ខែកក្កដានេះ មិនអាចសុំការបំភ្លឺពីមន្ត្រីនៃមន្ទីរការងារខេត្តកំពង់ចាម និងតំណាងភាគីរោងចក្របាននៅឡើយទេ៕