(ភ្នំពេញ)៖ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានអំពាវនាវដល់សមត្ថកិច្ចស្រាវជ្រាវ វែកមុខ និងមានវិធានការតាមផ្លូវច្បាប់ជាធរមានចំពោះអ្នកបានបំផ្លាញទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។
ឯកឧត្តម ផន រឹម បានបញ្ជាក់ទៀតថា ប៉ុន្មានថ្ងៃនេះ មានករណីក្មេងស្ទាវបានធ្វើសកម្មភាពបំផ្លិចបំផ្លាញបរិក្ខារផ្លូវថ្នល់ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដោយថតវីដេអូ និងបង្ហោះជាសាធារណៈក្នុងចេតនាលេងសើចខុសទំនង និងជាទង្វើល្មើសច្បាប់ ដែលមិនអាចអត់ឱនឱ្យបាន។
អ្នកនាំពាក្យបន្ថែមថា ទង្វើនេះមិនត្រឹមតែជាសកម្មភាពបំផ្លិចបំផ្លាញបរិក្ខារផ្លូវថ្នល់ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋប៉ុណ្ណោះទេ សកម្មភាពនេះអាចបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ដល់អាយុជីវិតអ្នកដំណើរ និងយានយន្ត ដោយសារបង្គោលនេះ មានសារៈសំខាន់ណាស់សម្រាប់អ្នកដំណើរ។
ឯកឧត្តមបន្ថែម នេះជាបង្គោលសញ្ញានាំផ្លូវ(Guide Post) ដែលប្រើប្រាស់សម្រាប់បង្ហាញ ជូនព័ត៌មានដល់អ្នកបើកបរឱ្យដឹងពីផ្លូវកោងគ្រោះថ្នាក់ ដោយចុះឡើតចំណោត ឬមាត់ជ្រោះ ឬកន្លែងមានឧបសគ្គដូចជា៖ ក្បាលស្ពាន ខឿន លូ ឬសួនច្បារ ជាដើម។
យោងតាមក្រមព្រហ្មទណ្ឌ មាត្រា ៤១១ បានចែងថា៖ កាលបើបទល្មើសនេះ បានប្រព្រឹត្តនាំឱ្យខូចប្រយោជន៍សំណង់គ្រឹះស្ថានសាធារណ ឬផ្លូវសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀលទៅ ១០លានរៀល៕







