ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួននាយរងការិយាល័យប្រឆាំងគ្រឿងញៀន(ក៤) ពីបទប៉ុនប៉ងឃាតកម្ម

ភ្នំពេញ៖លោក ប៊ុន ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ​ សម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនឈ្មោះ ហេង សុវណ្ណារ៉ា ភេទប្រុស អាយុ ៤៧ឆ្នាំ នៅពន្ធនាគាររាជធានីភ្នំពេញ (PJ)ពីបទប៉ុនប៉ងឃាតកម្ម ។ 

 យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៤៣៩២ “ន” ដពស ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ របស់លោក ប៊ុន ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបង្គាប់ឲ្យនាំខ្លួនជនត្រូវចោទឈ្មោះ ហេង សុវណ្ណារ៉ា ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ នគរបាល ទីលំនៅផ្ទះលេខ៤៩ស្ទួន ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅក្នុងពន្ធនាគាររាជធានីភ្នំពេញ (PJ)។

 លោក ហេង ផេង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមិថុនា នេះ បានសម្រេចចោទប្រកាន់លើឈ្មោះ ហេង សុវណ្ណារ៉ា នាយរងការិយាល័យប្រឆាំងគ្រឿងញៀន នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៤) ពីបទប៉ុនប៉ងឃាតកម្ម តាមមាត្រា២៧និងមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ។

ហេតុការណ៍នៃការបាញ់បោះនេះបាន កើតឡើងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២២៖៣៥នាទី នៅចំណុចក្នុងផ្ទះជួល ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ សុង សូណា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបោកអ៊ុតខោអាវ ស្នាក់នៅផ្ទះជួលលេខ១០ ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សម្ភារៈខូចខាត រួមមានធ្លុះការ៉ូ ធ្លុះទ្វារកញ្ចក់  ធ្លុះពិដាន និង ធ្លុះកញ្ចក់បង្អួចឡៅតឿ ។ សម្ភារៈបន្សល់ទុក រួមមាន អាកាស្វាយបត់១ដើម លេខ១៦២០៤៦១ បង់១ មានគ្រាប់១២គ្រាប់ សំបកគ្រាប់១១  ក្បាលគ្រាប់០២  រថយន្តមួយគ្រឿង ម៉ាកស្តារិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AX-9509 ។

លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ បញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងដេកក្នុងបន្ទប់ជួល របស់ខ្លួន ស្រាប់តែឮសំលេងផ្ទះគ្រាប់កាំភ្លើង ចូលក្នុងផ្ទះជួលរបស់ខ្លួនជាច្រើនគ្រាប់ រួចជនសង្ស័យបានបើកឡានគេចខ្លួនទៅបាត់ ។

បន្ទាប់មកកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ បានចុះដល់ចំណុចកើតហេតុ ធ្វើការស្រាវជ្រាវ តាមកាមេរ៉ាសុវត្ថិភាព កំណត់បានភិនភាគជនសង្ស័យ និងបានឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង នៅក្នុងផ្ទះរបស់ខ្លួនលេខ៤៨ស្ទួន ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕