ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រជា​ពលរដ្ឋចោទប្រកាន់​ប្រធាន​ការិយាល័យ​ច្រកចេញចូល​តែមួយ​ សាលាខេត្ត​ឧត្ដរមានជ័យ​ ផ្ដល់​ប័ណ្ណ​ព្រំដែន​យកលុយលើសសៀវភៅបន្ទុក

 ​ឧត្ដរមានជ័យ ​៖ ​មានការ​បែក​ធ្លាយរឿងលោក​ អាន់ សំអាត ប្រធាន​ការិយាល័យ​ច្រកចេញចូល​តែមួយ​សាលាខេត្ត​ឧត្ដរមានជ័យ  គាប​សង្កត់​ធ្វើបាប  ប្រជាពលរដ្ឋ​ក្រីក្រ​រាប់​ពាន់​នាក់​ក្នុង​មួយៗ​ខែ​ និង​ប្រមូល​ប្រាក់​បាន​រាប់​ម៉ឺន​ដុល្លារ​ តាមរយៈ​ការ​ផ្ដល់​សៀវភៅ​ឆ្លង​ដែន។ការបែកធ្លាយព័ត៌មាននេះបានកើតឡើង​នៅ​ថ្ងៃទី​២៦ ខែ​មិថុនា ​ឆ្នាំ​២០១៩ នេះ ។

ប្រភព​បាន​ឲ្យ​ដឹងថា លោក​អាន់​ សំ​អាត​ បាន​ដាក់​បណ្ដាញ​ជាច្រើន​កន្លែង​នៅ​សង្កាត់​អូរ​ស្មាច់ ទទួល​ប្រមូល​ធ្វើ​សៀវភៅ​ឆ្លងដែន​កំណត់​យក​ប្រាក់​ក្នុង​ម្នាក់​ពី ១៤ ​ទៅ​១៥​ម៉ឺន​រៀល ពី​ពលរដ្ឋ​មកពី​ខេត្ត​ផ្សេង ដែល​ត្រូវការ​ប្រើប្រាស់​សៀវភៅ​ឆ្លងដែន ទៅ​ព្យាបាល​ជំងឺ ឬ ទៅធ្វើ​ពលករ​ទៅប្រទេសថៃ​។ ចំណែកអ្នក​ប្រមូល​ទទួល​ធ្វើ​ប័ណ្ណ​ព្រំដែន​យកប្រាក់​មក​ប្រគល់ឲ្យ​ លោក​អាន់ សំអាត ប្រធាន​ការិយាល័យ​ច្រកចេញចូល​តែមួយ​ចំនួន​១០​ម៉ឺន​រៀល​ ក្នុង​ម្នាក់ រីឯ​អ្នក​ប្រមូល​ចំណេញ​ម្នាក់​៤​ ទៅ​៥​ម៉ឺន​រៀល​។​

ប្រភព​បាន​បន្ត​ថា លោក​អាន់ សំអាត បាន​ផ្គើន​នឹង​អនុក្រឹត្យ​របស់​ក្រសួងមហាផ្ទៃ ក្នុង​ការ​ផ្ដល់​ប័ណ្ណ​ព្រំដែន គឺ​យក​ថ្លៃ​សេវា ចាប់ពី​១៤​ម៉ឺន​រៀល​ និង​១៥​ម៉ឺន​រៀល​ ក្នុង​សៀវភៅ​ឆ្លងដែន​មួយ​ក្បាល ដែល​សៀវភៅ​បន្ទុក​ក្រសួងមហាផ្ទៃ​តម្រូវ​កំណត់​ប័ណ្ណ​ព្រំដែន​មួយ​ក្បាល​តែ​ពី​ម៉ឺន​រៀល​។ មិនតែប៉ុណ្ណោះ​លោក​អាន់​ សំអាត បាន​យក​លំនៅដ្ឋាន​របស់​ខ្លួន ធ្វើជា​កន្លែង​ច្រកចេញចូល​តែមួយ​សម្រាប់​ធ្វើ​ប័ណ្ណ​ឆ្លងដែន និង​បំពេញបែបបទ​ផ្សេងៗ​ដោយ​មិនបាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ឯកសារ​ផ្សេងៗ​ពី​រដ្ឋបាល​សាលាខេត្ត​។​ គ្រាន់​តែ​មាន​ហត្ថលេខា ​លោក​លឹម​ សុខ​តូ អភិបាលរង​ខេត្ត​ម្នាក់​គ្រប់គ្រាន់ ដោយ​មិន​គោរព​ទៅតាម​បទដ្ឋាន​គតិយុត្តិ​របស់​ក្រសួងមហាផ្ទៃ ដាក់​ចេញ​ដើម្បីឲ្យ​អនុវត្ត​។​

សូម​​បញ្ជាក់​ថា ​ការបំពេញ​បែបបទ​សៀវភៅ​ឆ្លងដែន​របស់​ច្រកចេញចូល​តែមួយ​សាលា​ខេត្ត​ឧត្ដរមានជ័យ​មានតែ​ហត្ថលេខា​ លោក​លឹម ​សុខ​តូ អភិបាលរង​ខេត្ត​ឧត្ដរមានជ័យ​ តែ​ម្នាក់ ដោយ​មិន​មាន​ការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ផ្សេងៗ​ឆ្លងកាត់​រដ្ឋបាល​ខេត្ត​នោះទេ​។​

ដោយមាន​ការដាក់​ការសង្ស័យថា​ មានការ​ឃុបឃិត​និយម​បក្សពួក ក្រុមការងារ​នៅ​ក្នុង​សាលាខេត្ត​ឧត្ដរមានជ័យ ទើប​មិនបាន​បំពេញ​តាម​លក្ខខណ្ឌ​របស់​ក្រសួង​បានដាក់​ជូន​។​ ពោលគឺ ​លោក អាន់ សំអាត ប្រធាន​ការិយាល័យ​ច្រកចេញចូល​តែមួយ មិនបាន​គោរព​ទៅតាម​បទដ្ឋាន​គតិយុត្តិ​របស់​ក្រសួងមហាផ្ទៃ នោះ​ទេ បែរជា​យក​ផ្ទះ​ខ្លួនឯង​ធ្វើ​កន្លែងធ្វើការ​ងារ តម្រូវឲ្យ​ពលរដ្ឋ​បង់​សេវា​លើស​សៀវភៅ​បន្ទុក សម្រុក​ប្រមូល​ប្រាក់​រាប់ម៉ឺន​ដុល្លារ​ ពី​រាស្ត្រ​ក្រីក្រ​រាប់ពាន់នាក់​ចាញ់បោក​រៀងរាល់​ថ្ងៃ​ដោយ​មិនដឹង​ខ្លួន​។

ពាក់ព័ន្ធនឹងកាចោទប្រកាន់របស់ប្រជាពលរដ្ឋនេះ លោក អាន់ ​សំអាត បាន​ប្រាប់កាសែតក្នុងថា លោក​ធ្វើ​គោរព​តាម​សេចក្ដីណែនាំ​របស់​ក្រសួង​ទាំង​អស់ បើ​ប្រជាពលរដ្ឋ​ណា​ម្នាក់​មិន​មាន​ឯកសារ​គ្រប់គ្រាន់ ឬ​សាច់ញាតិ​ខ្លួន​យកមក​ទេ​ គឺ​លោក​មិន​ទទួល​ឡើយ ព្រោះ​គ្មាន​បុគ្គល​ណា​ម្នាក់​កាន់​ឯកសារ​៤​ ទៅ​៥​ច្បាប់​មក​ធ្វើ​បានទេ​។

ចំណែក​លោក លឹម សុខ តូ អភិបាលរង​ខេត្ត បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរថា លោក​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ ហើយ​ការ​ចុះ​ហត្ថលេខា​លើ​ប័ណ្ណ​ព្រំដែន មាន​ឯកសារ​ត្រឹមត្រូវ​តាមច្បាប់ ហើយ​រូបខ្ញុំ​មិន​ពាក់ព័ន្ធ​រឿង​ទារ​លុយ​សេវា​ប័ណ្ណ​ព្រំដែន​លើស​កំណត់​នោះ​ទេ​៕​