ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អភិបាលខេត្តព្រះសីហនុថ្មី ប្តេជ្ញាពង្រឹងគុណភាពសំណង់​ និងលើកកម្ពស់ការអភិវឌ្ឍ​ ឲ្យកាន់តែប្រសើរ​

អភិបាលខេត្តថ្មីរូបនេះ បានថ្លែងប្តេជ្ញាក្នុងការអភិវឌ្ឍន៍ខេត្តជាប់មាត់សមុទ្រមួយនេះ ពិសេសពង្រឹងគុណភាពសំណង់ និងការរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។

លោកគួច ចំរើន បានបញ្ជាក់ពីការប្តេជ្ញាដូចខាងក្រោម៖

១. ប្តេជ្ញាខិតខំអនុវត្តអោយបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញឲ្យមានប្រសិទ្ធភាពខ្ពស់។

២. ប្តេជ្ញាគោរពគាំទ្រ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណា​​ក់​កាលទី៤ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

៣. ខិតខំគោរព និងអនុវត្តតាមគោលការណ៍ដឹកនាំចង្អុលបង្ហាញ និងរាល់ការផ្តល់នូវអនុសាសន៍ដ៏ខ្ពង់​ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជាថ្នាក់ដឹកនាំក្រសួងនានាឱ្យបានល្អ ដើម្បីពង្រឹងការគ្រប់គ្រងដឹកនាំប្រកបដោយប្រសិទ្ធភាពតម្លាភាពក្នុងការបំពេញភារកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

៤. បន្តការខិតខំទប់ស្កាត់ លុបបំបាត់រាល់បាតុភាពអសកម្មនានាទាំងឡាយដែលធ្វើឱ្យប៉ះពាល់ បង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋចូលរួមចំណែកលើកកំពស់ជីវភាព រស់នៅ សុខមាលភាពការកាត់​បន្ថយភាពក្រីក្ររបស់ប្រជាជន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសអនុ​សាស​ន៍សម្តេចតេជោ «ពង្រឹងការអនុវត្តច្បាប់ គ្មានការលើកលែង»។

៥. យកចិត្តទុកដាក់រៀបចំកសាង និងអភិវឌ្ឍន៍លើវិស័យនានាក្នុងខេត្ត ពិសេសការរៀបចំកែលំអរសោភ័ណភាពទីក្រុងឆ្នេរសមុទ្រ និងទីប្រជុំជនក្នុងការចូលរួមប្រលងប្រណាំង ទីក្រុងស្អាត ធានាបាននូវបរិស្ថានល្អ ប្រកបដោយសក្តានុពលសេដ្ឋកិច្ចសង្គម លើកស្ទួយជីវភាពរស់នៅប្រកបដោយវិបុលភាព ផាសុខភាពសុខមាលភាពជូនប្រជាជនទូទាំងខេត្តប្រកបដោយចីរភាព និងបរិយាប័ន្ន។

៦. ជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីបន្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម រក្សាស្ថេរភាពនយោបាយ និងភាពសុខដុមនីយកម្ម ជូនប្រជាពល​រដ្ឋឱ្យកាន់តែល្អប្រសើរឡើងថែមទៀត យកចិត្តទុកដាក់ អនុវត្តគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ​មុតស្រួច ជាពិសេសគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការដើម្បីការអភិវឌ្ឍន៍ តាមបែបប្រជាធិ​បតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមកម្មវិធីជាតិ រយៈពេល ១០ឆ្នាំ ផែនការយុទ្ធសាស្រ្ត រយៈពេល ៥ឆ្នាំ និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ក្នុងតំណាក់កាលបន្តឲ្យទទួលបាន លទ្ធផលជាវិជ្ជមាន។

៧. ពង្រឹងថែរក្សាស្មារតីសាមគ្គី ឯកភាពផ្ទៃក្នុង ជួរគណៈអភិបាលបង្កើតទំនាក់ទំនងល្អជាមួយក្រុមប្រឹក្សា រួមទាំងក្រសួង ស្ថាប័នអង្គភាពពាក់ព័ន្ធ អង្គការដៃគូរអភិវឌ្ឍ លើកកំពស់សមត្ថភាពមន្ត្រី​រាជការស៊ីវិល មន្ត្រីជំនាញ កងកម្លាំងប្រដាប់អាវុធ ដើម្បីធានាឱ្យរដ្ឋបាលខេត្តអនុវត្តមានភាពរលូន ពង្រឹង​ការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋគ្រប់គ្រងស្ថិតិជនអន្តោប្រវេសន៍ កម្មករចំណាកស្រុកឱ្យ បានច្បាស់លាស់។

៨. ចូលរួមសហប្រត្តិការអនុវត្ត សេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មាការត្រួតពិនិត្យគុណភាពសំណង់ នៅខេត្តព្រះសីហនុសំដៅត្រតពិនិត្យបទដ្ឋាន បច្ចេកទេស បទដ្ឋានគតិយុត្តិ ស្តង់ដារសំណង់ ស្តង់ដារសុវត្ថិភាព និងគុណភាពសំណង់ ព្រមទាំងត្រតពិនិត្យលក្ខណៈសម្បត្តិរបស់ក្រមទទួលម៉ៅការសាងសង់។

៩. ដឹកនាំមន្ត្រីរាជការ មន្ត្រីជំនាញ ដើម្បីធ្វើការអភិវឌ្ឍមូលដ្ឋាន និងបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

១០. សម្របសម្រួលស្ថាប័នមានសមត្ថកិច្ច ដើម្បីដោះស្រាយ និងស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ។

១១. ត្រៀមកម្លាំងអន្តរាគមន៍ សម្រាប់ដោះស្រាយ គ្រោះមហន្តរាយ និងបញ្ហាផ្សេងៗ ដែលអាចកើត​មាន​ឡើងជាយថាហេតុ៕