ភ្នំពេញ: ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ រួមជាមួយឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខគ្រួសារសព លោក ព្រឹន្ទបាលទោ ឆៃ រ័ត្ន និងលោកអនុសេនីយ៍ឯក អ៊ុន វណ្ណា ដល់គេហដ្ឋានផ្ទាល់ ស្ថិតនៅស្រុកក្រូចឆ្មារ និងស្រុកមេមត់ ក្នុងខេត្តត្បូងឃ្មុំ។
លោក ព្រឹន្ទបាលទោ ឆៃ រ័ត្ន និងលោកអនុសេនីយ៍ឯក អ៊ុន វណ្ណា ជាយុទ្ធជនសមរភូមិជួរមុខ ដែលបានពលីជីវិតក្នុងការការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់ទាហ៊ានសៀម រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២៥ ហើយសពរបស់យុទ្ធជនទាំងពីររូប ត្រូវបានតម្កល់ធ្វើបុណ្យ តាមប្រពៃណីសាសនានៅតាមគេហដ្ឋានរៀងៗខ្លួន។
ក្នុងវេលាដ៏ក្រៀមក្រំបំផុតនេះ ឯកឧត្តម វង សូត បានពាំនាំមកនូវការរំលែកទុក្ខពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងសម្តេចធម្មវិសុទ្ធវង្សា
សៅ ទី ហេង សំរិន ព្រមទាំងថ្នាក់ដឹកនាំជាតិជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលជូនចំពោះលោកស្រី និងកូនៗ ព្រមទាំងក្រុមគ្រួសារសព លោកព្រឹន្ទបាលទោ ឆៃ រ័ត្ន និង លោកអនុសេនីយ៍ឯក អ៊ុន វណ្ណា ក៏ដូចជាយុទ្ធជនដ៏ទៃទៀតផងដែរ។
ឯកឧត្តម អនុប្រធានទី២រដ្ឋសភា ក៏បានសម្ដែងនូវការសោកស្ដាយ និងក្រៀមក្រំជាទីបំផុតចំពោះមរណភាពរបស់វិរកងទ័ពទាំងពីរ និងយុទ្ធជនពលីដ៏ទៃទៀត ដែលនេះគឺជាការបាត់បង់អ្នកស្នេហាជាតិដ៏ឧត្តុង្គឧត្តម ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការប្រយុទ្ធតស៊ូយ៉ាងអង់អាចក្លាហាន ជាមួយខ្មាំងសត្រូវ ដែលបានធ្វើការឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជាយើង។ ពលិកម្មដែលពុំអាចកាត់ថ្លៃរបស់យុទ្ធជនកម្ពុជា គឺដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងសុខសន្តិភាពរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងជាគំរូវីរភាពដែលយុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូបនឹងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លានេះ ក្នុងមនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តមនេះ។
ជាការដឹងគុណនូវគំរូវីរភាពដ៏អង់អាចរបស់យុទ្ធជនពលីគ្រប់រូប រដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែគិតគូរនឹងយកចិត្តដាក់បំផុត ហើយបានរៀបចំដោះស្រាយគោលនយោបាយ ឧបត្ថម្ភទ្រទ្រង់ជីវភាពជូនក្រុមគ្រួសារសព បានយ៉ាងសមរម្យបំផុត។
ឯកឧត្តម វង សូត គូសបញ្ជាក់ថាប្រជាជាតិខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅស្រុក ក៏បានរួបរួមសាមគ្គីគ្នាយ៉ាងរឹងមាំក្នុងការគាំទ្រដល់យុទ្ធជនជរមុខ និងបង្ហាញរឿងដែលកំពុងកើតឡើងទៅកាន់ពិភពលោក ដើម្បីទាមទាររកសន្តិភាពដល់ប្រជាជនកម្ពុជាវិញ។
ជាការចូលរួមរំលែកមរណៈទុក្ខជូនគ្រួសារសព ឯកឧត្តម វង សូត និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ បានឧបត្ថម្ភថវិកា ដល់គ្រួសារសព ក្នុង១គ្រួសារ១០លានរៀលផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម វង សូត និងលោកជំទាវ ហេង ពៅ ក៏បានអញ្ជើញចុះពិនិត្យដំណើរការសាងសង់ផ្ទះមួយខ្នង ដែរមានទទឹង៤.៥០ម៉ែត្រ និងបណ្តោយ៨.៥០ម៉ែត្រ ដែរស្ថិតនៅភូមិជាចខាងត្បូង ឃុំជាច ស្រុកកំចាយមារ ខេត្តព្រែវែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម និងលោកជំទាវផ្ទាល់ ជូនដូនចាស់ជរាគ្មានទីពឹង លោកយាយ សុខ សន ដែលមានជន្មាយុ៩១ឆ្នាំ៕






















