រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានមានប្រសាសន៍បញ្ជាក់ថា« មិនទទួលផ្លូវធ្វើជាប់រហូតទៀតទេ គឺទទួលតែផ្លូវរឹងមាំប៉ុណ្ណោះ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ គ្រោងនឹងបើកការដ្ឋានសាងសង់នៅចុងឆ្នាំ២០១៩នេះហើយ។
នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាគម្រោងសាងសង់ធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសាងសង់ HANSHIN Engineering & Construction Co., Ltd លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បន្ថែមថា«មិនទទួលផ្លូវធ្វើជាប់រហូតទៀតទេ គឺទទួលតែផ្លូវរឹងមាំប៉ុណ្ណោះ»។

ការសាងសង់ផ្លូវជាតិលេខ២ ពីរង្វង់មូលតាខ្មៅ ទៅរង្វង់មូលអូរចំបក់ និងផ្លូវជាតិលេខ២២ ពីរង្វង់មូលអូរចំបក់ទៅកាន់ផ្សារអង្គតាសោម ប្រវែងសរុប ៧២,១៧គីឡូម៉ែត្រ ហើយចំណាយរយៈពេល ៣០ខែ។ក្រសួងសូមស្នើបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរ និងរស់នៅតាមបណ្ដោយផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ មានការអត់ធ្មត់ ចូលរួមសហការ និងប្រុងប្រយ័ត្នខ្ពស់ ព្រោះថាខណៈពេលកំពុងសាងសង់ វានឹងបង្កឱ្យមានការរំខានខ្លះៗដល់ការរស់នៅការប្រកបរបរចិញ្ចឹមជីវិតការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

