ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សហគ្រិនក្នុងស្រុក​​​ចង់ឲ្យធនាគារ​SMEចេញទៅ​​អាចឲ្យ​ក្រុមហ៊ុន​ខ្នាត​​​តូចនិងមធ្យមងាយទទួល​បាន​ហិរញ្ញប្បទាន​​

លោក ប៉ាត់  ចំណាន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វីខ្មែរអ៊ិចប្រេស បានមាន​ប្រ​សាសន៍ថា ក្នុងនាមវិស័យ​​ឯកជន​និងជាក្រុមហ៊ុន​ក្នុងស្រុក​​​លោកចង់ឲ្យ​ស្នើឲ្យរាជ​រដ្ឋា​ភិបាលបន្ធូរបន្ថយលក្ខ័ណ្ឌមួយចំនួនដល់សហក្រាសក្នុងស្រុក ដើម្បីឲ្យពួក​គាត់មាន​លទ្ធភាព​​​ទទួលបានឥណទានពីធនាគារ SME ដែលគ្រោងនឹង​បង្កើតថ្មីនាពេល​ខាងមុខ​នេះ​​។

លោកអះអាងទៀ​តថា«បច្ចុប្បន្ននេះសហគ្រាសខ្នាតតូច​និងមធ្យមនៅកម្ពុជា​កំពុងតែ​ជួបប្រទះធំគឺបញ្ហាទុនសម្រាប់រឿងយកទៅពង្រីកអាជីវកម្ម ហើយ​​​ក្នុងនាំវិស័យឯកជន​ស្នើសុំឲ្យរាជរដ្ឋាភិបាលកម្ពុជាជួយសម្រួលលក្ខ័ណ្ឌស្មុកស្មាញមួយចំនួន ដើម្បីអាច​ឲ្យម្ចាស់អាជីវកម្មទទួលបានទុកពីធនាគារដែលគ្រោងនឹងបង្កើតថ្មីនៅពេលខាងមុខនេះ»។

លោកបានមានប្រសាសន៍ថា តាមពិតទៅក្រុមហ៊ុនក្នុងស្រុកមិន​មែនគ្មានសមត្ថភាព​នោះទេ​ សម្រាប់ការផលិតនិងការប្រគួតប្រជែងលើទីផ្សារនោះ ហើយបញ្ហាសំខាន់​គឺ​ពួក​គាត់ពិបាកក្នុងការទទួលបានឥណទានយកទៅពង្រីកអាជីវកម្ម ហើយក្រុមហ៊ុន វីខ្មែរអ៊ិចប្រេស រំពឹងថា នឹងទទួលបានទុនបន្ថែម ដើម្បីយកវិនិយោគបន្ថែម។

សម្រាប់អ្នកវិនិយោគខាងលើបន្ថែមថាក្រុមហ៊ុននិងសហគ្រាសនៅក្នុងប្រទេសកម្ពុជាចាប់ពីពេលនេះទៅគឺត្រូវពង្រឹងខ្លួនឲ្យក្លាយជាក្រុមហ៊ុនស្តង់ដារ និងមានគណ​នេយ្យ​ភាពត្រឹមត្រូវ ហើយបើធ្វើច្នោះបានគឺ​ងាយស្រួលនឹង​ទទួលបានការគាំ​ទ្រពី​រាជរដ្ឋា​ភិបាល ហើយជាពិសេសការទទួលបាន​ហិរញ្ញប្បទានពីធនាគារ​ដែលគ្រោងនឹង​បង្កើត​ថ្មីនេះផងដែរ។

សហគ្រាសធុនតូច និងមធ្យមបានចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងបានស្រូបកម្លាំង​ពលកម្មប្រមាណ ៧៣%  ហើយធាតុសំខាន់របស់សហគ្រាសបានរំ​លេចចេញក្នុង​យុទ្ធសាស្រ្តចតុកោណដំណាក់ទី៣របស់រាជរដ្ឋាភិបាល និងគោលយោ​បាយអភិវឌ្ឍន៍​វិស័យឩស្សាហកម្មផងដែរ។

កន្លងទៅសហគ្រាសក្នុងស្រុកបានជួបការលំបាកជាច្រើន ដូចជា ការមិនទទួលបាន​ហិរញ្ញប្បទាន ខ្វះខាតបច្ចេកវិទ្យាព័ត៌មាន ការភ្ជាប់ទំនាក់ទំនងជា​មួយក្រុមហ៊ុនវិនិយោគ និងខ្វះសេវាគាំទ្រការអភិវឌ្ឍន៍អាជីវកម្មជាដើម។ ការទទួលហិរញ្ញប្បទានរបស់សហគ្រាសធុនតូច និងមធ្យមនៅមានកម្រិតនៅឡើយ ដូច្នោះ​ទើបថ្មីនេះសហគ្រាសនៅកម្ពុជា​រំពឹងថា នឹង​​ការទទួលបានហិរញ្ញប្ប​ទានធនាគារ​SMEរបស់រដ្ឋាភិបាលឆាប់ៗខាងមុខ​​។

យោងតាមមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុធ្លាប់អះអាងថា ធនាគារSMEនឹងចេញជារូបរាងនៅពេលខាងមុខនេះ ដែលមានទុនប្រមាណ ១០០លានដុល្លារអាមេរិក ដើម្បីផ្តល់ជូនដល់សហក្រាសខ្នាតតូចនិងមធ្យមនៅក្នុងប្រទេស ដើម្បីអាចយកទៅពង្រីកដើមទុននិងពង្រឹងផលិតភាពរបស់ក្រុមហ៊ុន។

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយលើកកម្ពស់សហគ្រាសធុនតូចនិងមធ្យមដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិតាមរយៈនេះក្រសួងសេដ្ឋកិច្ច និងហិរិញ្ញវត្ថុបានអនុវត្តចេញនូវគោលនយោបាយនេះ ដោយគាំទ្រដល់ការអភិវឌ្ឍន៍ខ្លួនរបស់សហគ្រាសធុនតូចនិងមធ្យម ដោយជម្រុញចេញនូវយន្តការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូចនិងមធ្យមផងដែរ៕