ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្រ្តីពាណិជ្ជកម្ម​​ជួបពិ​ភាក្សា​ការងារជាមួយអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក

លោក ​​ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម បានចូលរួមក្នុងកិច្ចប្រជុំក្រុម​ប្រឹក្សាចម្រុះលើក​ទីដែលប្រព្រឹត្តិទៅនៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោកនៅ​​​ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ តាម​ការអញ្ជើញរបស់លោកស្រី​ អារ៉ាញ់ឆា ហ្កន់ហ្សាឡេស (Arancha Gonzalez)​នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ។​​

ក្នុងកិច្ចប្រជុំនេះ មានការធ្វើសេចក្តីថ្លែងការណ៍ដោយ​អគ្គទីប្រឹក្សាកូស្តារីកាជាប្រធាន​អង្គប្រជុំចាស់ អគ្គរដ្ឋទូតហ្វាំងឡង់ជាប្រធានអង្គប្រជុំថ្មី អគ្គនាយកនៃអង្គការ​ពាណិជ្​ជកម្ម​ពិភពលោក អគ្គលេខាធិការនៃអង្គការ UNCTAD នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល​ពាណិជ្ជកម្មអន្តរជាតិ អនុរដ្ឋមន្រ្តីពាណិជ្ជកម្មមីយ៉ាន់ម៉ា និងប្រធានអង្គការអន្តរជាតិ និង​ឥស្សរៈជនជាន់ខ្ពស់ដទៃទៀតផងដែរ។

កិច្ចប្រជុំបានរាយការណ៍ពីសកម្មភាពពីឆ្នាំ២០១៨ និងថ្លែងដោយផ្តោតសំខាន់​លើទំ​នាក់​​​​ទំនង និងការរួមចំណែករបស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិអង្គការ​ពាណិជ្ជកម្មពិភព​លោក និងអង្គការ UNCTAD ក្នុងការជួយគាំទ្រដល់ប្រទេស​ដែលមាន​សេដ្ឋ​កិច្ចតូច និងទន់ខ្សោយ តាមរយៈការផ្តល់គម្រោងជាច្រើន ដើម្បីជំរុញការអភិវឌ្ឍ និង​ជួយឲ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងឆ្នាំ២០៣០។

អង្គការទាំងនេះ បានបញ្ជាក់ពីជំហរក្នុងបន្តសកម្មភាព និងគម្រោងនានា ក្នុងការ​បន្តជួយដល់ប្រទេសកំពុង​​អភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីជួយជំរុញ​ការ​អភិវឌ្ឍ និងវិស័យពាណិជ្ជកម្ម តាមរយៈការផ្តល់អនុសាសន៍ និងការ​ផ្តល់ជំនួយ​បច្ចេក​ទេស និងហិរញ្ញវត្ថុផងដែរ។

លោក ​​ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីកម្ពុជា​​​បានធ្វើសេចក្តីថ្លែងការណ៍​​វាយតម្លៃខ្ពស់​នូវ​កិច្ច​សហប្រតិបត្តិការ និងជំនួយដែលបាន​ផ្តល់ដោយមជ្ឈមណ្ឌលពា​ណិជ្ជ​កម្មអន្តរជាតិ ជាពិសេសជំនួយដូចជា ការចូលរួមគាំទ្រការ​អនុវត្តយុទ្ធ​សាស្ត្រសមាហរ​ណកម្មពា​ណិជ្​ជកម្មកម្ពុជាកន្លងមក ការអភិវឌ្ឍន៍ធនធានមនុស្ស និងជំនាញ ការពង្រឹងភាពប្រ​កួត​ប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម ការជួយដល់សហគ្រាសកម្ពុជា​​មួយ​ចំនួន​ចូលរួមក្នុងពិព័រណ៍នាំចេញនាំចូលចិនលើកទី២ នៅទីក្រុងសៀងហៃ ក្នុងឆ្នាំ២០១៩។

លោករដ្ឋមន្ត្រីបានអំពាវនាវដល់អង្គការអន្តរជាតិទាំងនេះបន្តផ្តល់ជំនួយ និងគម្រោង​នានា ដើម្បីជួយគាំទ្រដល់វិស័យពាណិជ្ជកម្មនៅកម្ពុជា ក្នុងគោលបំណងជំ​រុញការ​អភិវឌ្ឍ​សេដ្ឋកិច្ចពាណិជ្ជកម្ម ដែលអាចបង្កើនចំណូល ជួយកាត់បន្ថយភាពក្រក្រី និង​បង្កើត​ការងារ សម្រាប់ប្រជាជនទាំងអស់គ្នា។

ក្រៅពីនេះ លោក ​​ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម​កម្ពុជាក៏បាន​​ជួបប្រជុំពិភាក្សា​ការ​ងារ​ជាមួយ លោក រ៉ូប៊ែតូ អាហ្សែវ៉េដូ (Roberto Azevedo) អគ្គនាយកនៃ​អង្គ​ការ​ពាណិជ្ជកម្មពិភពលោក ដោយក្នុងនោះបានពិភាក្សា​ពីភាពចាំបាច់ក្នុងការ​ពង្រឹង​ប្រ​ព័ន្ធពាណិជ្ជកម្ម ដើម្បីជួយដល់ប្រទេសអភិវឌ្ឍន៍តិចតួច ដោយក្នុងនោះ​រួមមាន​ជំនួយ​សម្រាប់ពាណិជ្ជកម្មផងដែរ។