(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៦ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារ Tribe ភ្នំពេញ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ កិច្ចប្រជុំប្រធានស្ថាប័នប្រកួតប្រជែងអាស៊ានលើកទី៦ (The 6th AHCA Meeting) ក្រោមការដឹកនាំនិងសម្របសម្រួលដោយ ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ក្នុងនាមជាប្រធាន AHCA។
កិច្ចប្រជុំប្រធានស្ថាប័នប្រកួតប្រជែងអាស៊ានលើកទី៦នេះ គឺជាវេទិការមួយដែលប្រមូលផ្ដុំទៅដោយប្រធានស្ថាប័នមកពីប្រទេសសមាជិកអាស៊ានទាំង១០ (និងតំណាងមកពី Timore-Leste ជាអ្នកសង្កេតការណ៍) ដើម្បីបញ្ជាក់នូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញការប្រកួតប្រជែងដោយស្មើភាព និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ននៅទូទាំងតំបន់។
កិច្ចប្រជុំនេះក៏នឹងបង្កើតនូវកិច្ចសន្ទនា ក្នុងអនុវត្តផែនការយុទ្ធសាស្ត្រប្រកួតប្រជែង និងការសម្របសម្រួលក្នុងការអនុវត្តច្បាប់រវាងអាជ្ញាធរប្រកួតប្រជែងអាស៊ាន ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈមដែលកំពុងកើតមានក្នុងការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែង សេដ្ឋកិច្ចឌីជីថលដែលកំពុងវិវត្តន៍នៅក្នុងតំបន់។
កិច្ចប្រជុំក៏បានពិនិត្យលើវឌ្ឍនភាពក្រោមផែនការសកម្មភាពប្រកួតប្រជែងរបស់អាស៊ាន និងស្វែងរកឱកាសសម្រាប់ការចូលរួមកាន់តែស៊ីជម្រៅជាមួយភាគីពាក់ព័ន្ធ រួមទាំងវិស័យឯកជន សិក្សាធិការ និងសង្គមស៊ីវិលផងដែរ។ អង្គប្រជុំក៏បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះតម្លាភាព ការព្យាករណ៍ និងកិច្ចសហប្រតិបត្តិការ គាំទ្រចក្ខុវិស័យរបស់ស្ថាប័នប្រកួតប្រជែង សមាហរណកម្ម និងភាពធន់នៃសហគមន៍សេដ្ឋកិច្ចអាស៊ាន។






































