សៀមរាប៖ ដោយអនុវត្តតាមដីកាអនុញ្ញាតឲ្យឆែកឆេរ របស់លោក ជឺ សុខ ប្រធានសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ នេះ លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានដឹកនាំកម្លាំងចម្រុះ និងមន្ត្រីជំនាញ ចុះទៅពិនិត្យទីតាំងការដ្ឋានសំណង់សណ្ឋាគារមួយកន្លែង នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។
ក្រោយពីចុះពិនិត្យ និងឆែកឆេរ សមត្ថកិច្ចចម្រុះបានរកឃើញ ឈើអារចម្រុះជាច្រើនម៉ែត្រគូប ដែលគេសង្ស័យថា ឈើល្មើសច្បាប់។ ចំណែកការដ្ឋានសំណង់សណ្ឋាគារខាងលើ ដែលគេរាយការណ៍ថា ជាថៅកែសណ្ឋាគារលំដាប់ផ្កាយ ៥ ក្នុងខេត្តសៀមរាបនោះ ក៏ត្រូវអាជ្ញាធររកឃើញថា គ្មានច្បាប់អនុញ្ញាតឲ្យសាងសង់ផងដែរ។
ក្រោយពីបានចុះពិនិត្យរួចមក កម្លាំងសមត្ថកិច្ចចម្រុះ បានរក្សាទុកឈើនៅទីតាំងការដ្ឋានសណ្ឋាគារគ្មានច្បាប់សាងសង់ខាងលើ រងចាំឲ្យមន្ត្រីជំនាញចុះវាស់វែងជាក់ស្តែងនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះបន្តទៀត៕