ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ បានដឹកកិច្ចប្រជុំសមាគមបណ្តាញកសិករតេជោ ផ្នែកបន្លែ និងផ្លែឈើ

រាជធានីភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ បានដឹកកិច្ចប្រជុំសមាគមបណ្តាញកសិករតេជោ ផ្នែកបន្លែ និងផ្លែឈើ។
កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍វិស័យបន្លែ និងផ្លែឈើ ក្នុងប្រទេសកម្ពុជា។

ក្នុងកិច្ចប្រជុំនេះ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ មានប្រសាសន៍ថា វិស័យកសិកម្ម គឺជាមូលដ្ឋានសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលមិនត្រឹមតែបង្កើតចំណូលសម្រាប់ប្រទេសប៉ុណ្ណោះទេ តែបានផ្តល់នូវកិត្តិយស និងឥស្សរភាពដល់អ្នកប្រកបរបរក្នុងវិស័យនេះផងដែរ។ ដោយហេតុថា របរកសិកម្ម ទាមទារកម្លាំងកាយចិត្ត ការខិតខំប្រឹងប្រែង និងស្រលាញ់ពេញចិត្តខ្ពស់ ហើយអ្នកប្រកបរបរនេះតែងតែទទួលបានការគោរពស្រលាញ់ពីប្រជាពលរដ្ឋទូទៅ មិនមែនត្រឹមតែប្រទេសកម្ពុជានោះទេ សូម្បីតែប្រទេសដទៃ។
លោកបណ្ឌិតប្រធានសមាគម បានគូសបញ្ជាក់ថា កសិកម្ម គឺជាឆ្នាំងបាយរបស់ប្រទេស និងជាឆ្នាំងបាយរបស់ពិភពលោក បើគ្មានកសិករ ប្រទេសនឹងប្រឈមនឹងវិបត្តិ ដំបូងគេ គឺបញ្ហាស្បៀងអាហារ។ ជុំវិញបញ្ហានេះ លោកបណ្ឌិតប្រធានសមាគម សង្កត់ធ្ងន់ថា អ្វីដែលយើងគួរធ្វើចំពោះមុខ គឺត្រូវរួមគ្នាធ្វើឱ្យផលិតផលរបស់ខ្លួនក្នុងទីផ្សារមានគុណភាព ជាពិសេសប្រជាជនយើងទទួលទានប្រកបដោយសុវត្ថិភាព និងសុខភាពល្អ។ ការណ៍នេះ វិស័យកសិកម្មយើងនឹងដើរទៅមុខបាន ហើយផលិតផលយើងអាចប្រកួតប្រជែងក្នុងទីផ្សារដោយស្មើភាព ព្រមទាំងអាចជំនួសការនាំចូលបានច្រើន។ បន្ថែមលើនេះ លោកបណ្ឌិតប្រធានសមាគម ក៏បានលើកពីប្រព័ន្ធសេដ្ឋកិច្ចពឹងផ្អែកលើកសិកម្ម (Agrarian Economy) ដែលសកម្មភាពសេដ្ឋកិច្ចសំខាន់ៗរបស់ប្រទេស គឺពាក់ព័ន្ធនឹងកសិកម្ម។
ជាក់ស្តែង ប្រទេសកម្ពុជារបស់យើង ដែលប្រព័ន្ធសេដ្ឋកិច្ចនេះ បានកកើតតាំងពីសម័យអង្គរ ជាពិសេសកសិកម្មដំណាំស្រូវតែម្តង។ ទន្ទឹមនឹងនេះ យើងក៏ត្រូវធ្វើនវានុវត្តន៍ ព្រមទាំងផ្សារភ្ជាប់នូវបច្ចេកវិទ្យាកសិកម្មទំនើបៗ ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មយើងឱ្យបានប្រសើរជាងនេះ ជាពិសេសការធ្វើកសិកម្មដែលគិតគូរដល់បរិស្ថានជាដើម។

លោកបណ្ឌិតប្រធានសមាគម បានលើកឡើងថា កន្លងមកប្រភេទដំណាំបន្លែមួយចំនួន យើងអាចដាំក្នុងស្រុកបាន ហេតុអ្វីយើងត្រូវការនាំចូលមកពីក្រៅទៀត ? នេះហើយ គឺជាចំណោទ ដែលយើងត្រូវចូលរួមដោះស្រាយទាំងអស់។ ជាមួយគ្នានេះ លោកបណ្ឌិតប្រធានសមាគម ក៏បានចង្អុលបង្ហាញអំពីគោលបំណងនៃការបង្កើតសមាគមបណ្តាញកសិករតេជោ ជាពិសេសការចងក្រងគ្នាជាបណ្តាញកសិករ និងប្រមូលផ្តុំតាមវិស័យផ្សេងៗ ដើម្បីរួមគ្នាជួយដល់វិស័យកសិកម្មរបស់យើងទាំងមូល។ លោកបណ្ឌិតប្រធានសមាគម បានបន្តថា សមាគមនឹងធ្វើជា (១) ស្ពានឱ្យបងប្អូនដើរឬតភ្ជាប់ទៅនឹងឱកាសផ្សេងៗដូចជា ឱកាសក្នុងការទទួលបានបច្ចេកទេស ព័ត៌មានទីផ្សារ ព័ត៌មានហិរញ្ញវត្ថុ ព្រមទាំងជួយចម្លងសម្លេងរបស់បងប្អូនកសិករជូនថ្នាក់ដឹកនាំ និង (២) សមាគមនឹងធ្វើជាខែល ឬឆ័ត្រសម្រាប់បងប្អូនជ្រក ពោលគឺជួយការពារផលប្រយោជន៍ និងភាពស្របច្បាប់របស់កសិករ តាមរយៈការផ្តល់ជំនួយផ្នែកច្បាប់ ជាពិសេសនៅពេលមានការរំលោភបំពានគៃចំណេញលើកសិករ។

ទន្ទឹមនឹងនេះ លោកបណ្ឌិតប្រធានសមាគម បានជំរុញឱ្យសមាជិក-សមាជិកា កសិករ ចូលរួមផលិតផលិតផលក្នុងស្រុកឱ្យបានច្រើន ដោយពង្រឹងលើគុណភាព មានបច្ចេកទេសត្រឹមត្រូវ និងផ្គត់ផ្គង់លើទីផ្សារជាប់លាប់ ព្រមទាំងមានតម្លៃសមរម្យ ជាពិសេសព្យាយាមកាត់បន្ថយថ្លៃដើម ដើម្បី ប្រកួតប្រជែងក្នុងទីផ្សារជាផលិតផលនាំចូលពីក្រៅ។

ឆ្លៀតក្នុងឱកាសនេះ លោកបណ្ឌិតប្រធានសមាគម បានចែករំលែកពីម៉ូដែលធុរកិច្ចកសិកម្មនៅបណ្តាប្រទេសមួយចំនួន ដែលម៉ូដែលធុរកិច្ចនោះ បានចូលរួមជួយដោះស្រាយបញ្ហារបស់កសិករ ដោយឧទាហរណ៍ ក្រុមហ៊ុន Sahyadri Farms Post Harvest Care Limited (ប្រទេសឥណ្ឌា) ដែលបានបង្កើតជាខ្សែចង្វាក់តម្លៃក្នុងវិស័យកសិកម្មដោយមានការចូលរួមផ្ទាល់ពីកសិករ។ ទាក់ទងនឹងម៉ូដែលធុរកិច្ចនេះ លោកបណ្ឌិតប្រធានសមាគម ក៏បានលើកទឹកចិត្តដល់សមាជិក-សមាជិកា សិក្សាស្វែងយល់ពីប្រភេទក្រុមហ៊ុននេះ ដែលនឹងអាចជាគំរូធុរកិច្ចកសិកម្មថ្មីសម្រាប់កម្ពុជា។

លោកបណ្ឌិតប្រធានសមាគម បានចង្អុលបង្ហាញពីបញ្ហាជួបប្រទះរបស់កសិករនាពេលកន្លងមក និងចំណុចសំខាន់ៗដែលកសិករចង់បានដូចជា តម្លៃកសិផលដែលមានស្ថេរភាព មានទីផ្សារ (លក់ដាច់) និងកម្ចីដែលមានអត្រាការប្រាក់ទាប។

ជាចុងក្រោយ អង្គប្រជុំ បានប្តេជ្ញាចិត្តរួមគ្នាបំពេញបេសកកម្ម និងចក្ខុវិស័យរបស់សមាគមបណ្តាញកសិករតេជោ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទរបស់កម្ពុជា។