ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សត្វជ្រូកជាច្រេីនក្បាលបានងាប់ជាបន្តបន្ទាប់​ នៅស្រុកអង្គរបូរី​ ជាប់ព្រំដែនវៀតណាម​

តាកែវ៖  មន្រ្តីជំនាញ​ បសុពេទ្យបានបាញ់ថ្នាំសម្លាប់មេរោគនៅតាមទីតាំងកសិដ្ឋានចញ្ចឹមជ្រូក និងបានយកឈាមទៅវិភាគរករោគសញ្ញានៅមន្ទីរពិសោធន៍ នៅរាជធានីភ្នំពេញ បន្ទាប់ពិសត្វជ្រូកងាប់ជាច្រេីនក្បាល​ នៅឃុំមួយចំនួន​ ក្នុងស្រុកអង្គរបូរី​ និងក្រុងដូនកែវ​ ខេត្តតាកែវ ។

លោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ​ បានប្រាប់​ឲ្យដឹង នៅថ្ងៃទី០៤​ ខែកក្កដា​ ឆ្នាំ​២០១៩នេះថា សត្វជ្រូកងាប់ភាគច្រើន គឺជាជ្រូកកើតកូន ឬជ្រូកផើម ដែលកសិករខ្មែរចញ្ចឹមនៅក្នុងស្រុក ដោយមិនបាននាំយកមកពីប្រទេសវៀតណាមនោះទេ។ ចំណែកការងាប់នេះ គឺមិនទាន់អាចសន្និដ្ឋានថា ជ្រូកកើតជំងឺប៉េសអាហ្រ្វិកនោះទេ ដោយមន្រ្តីជំនាញបសុពេទ្យកំពុងតែយកឈាមទៅធ្វើវិភាគនៅមន្ទីរពិសោធន៍។

លោកប្រធានមន្ទីបានបន្តទៀតថា កន្លងមកលោកអភិបាលខេត្តតាកែវ បានធ្វើការណែនាំ និងបានហាមប្រាមដាច់ខាតដល់មន្រ្តីជំនាញ ក៏ដូចជាអភិបាលស្រុកនៅជាប់ព្រំដែនឲ្យពិនិត្យមើលឲ្យជាប់ជាប្រចាំចំពោះការលួចនាំជ្រូកចូលពីប្រទេសវៀតណាម ហើយបើមានការលួចនាំជ្រូកចូលមែនមន្រ្តីជំនាញ និងអាជ្ញាធស្រុក ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ដូច្នេះបញ្ហាជ្រូកនេះ គឺគ្មានការនាំចូលពីប្រទេសវៀតណាមនោះទេ។

ជ្រូកដែលងាប់ គឺជាជ្រូករបស់ប្រជាពលរដ្ឋចញ្ចឹមសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ហើយបន្ទាប់ពីមានបញ្ហាជ្រូកងាប់នេះ មន្រ្តីជំនាញបានទៅដល់ទីតាំង និងបានធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មេរោគ និងបានណែនាំឲ្យយកសាច់ជ្រូក ដែលងាប់យកទៅកប់ចោល ឬដុតបំផ្លាញចោល។

លោក ឌឹម គឹមសាន្ត អភិបាលស្រុកអង្គបូរី បានថ្លែងថា ក្នុងស្រុកអង្គបូរីមានជ្រូកកើតកូន និងជ្រូកផើមងាប់ជាច្រើនក្បាល នៅក្នុងឃុំព្រៃផ្គាំ និងឃុំពន្លៃ ហើយបញ្ហានេះ ខាងអាជ្ញាធស្រុកក៏ដូចជាមន្រ្តីបសុពេទ្យមិនបានព្រងើយកន្តើយនោះទេ ដោយបាញ់ថ្នាំសម្លាប់មេរោគនៅទ្រុងជ្រូក និងបានណែនាំដល់ម្ចាស់ចញ្ចឹមជ្រូកព្រមទាំងបានតាមដាន និងយកចិត្តទុកដាក់ពីករណីនេះជាប់ជាប្រចាំផងដែរ៕