ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ចាប់ខ្លួនស្ត្រីម្នាក់ដែលមានជម្លោះដីធ្លី នៅស្រុកស្អាងជាមួយ ឧកញ៉ាឈាង ប៉ាក់សួរ

 

កណ្តាល៖ លោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្តាល បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនស្ត្រីម្នាក់តាមបណ្តឹងរបស់លោក ឧកញ៉ា ឈាង ប៉ាក់សួរ ពាក់ព័ន្ធសំណុំរឿងដីធ្លី នៅក្នុងស្រុកស្អាង ខេត្តកណ្តាល។

ស្ត្រីត្រូវចោទឈ្មោះ ច្រេង សៀក អាយុ ៥៧ឆ្នាំ មានទីលំនៅភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តកណ្តាល ឃាត់ខ្លួនកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ នៅពេលដែលស្រី្តរូបនេះ ចុះទៅឃាត់គ្រឿងចក្ររបស់លោក ឧកញ៉ា ឈាង ប៉ាក់សួរ កុំឲ្យកាយប្រឡាយនៅលើដីដែលកំពុងមានទំនាស់។

នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះស្ត្រីត្រូវចោទ ត្រូវបានកម្លាំងនគរបាលបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ដើម្បីឲ្យលោកចៅក្រម អ៊ី សុវណ្ណ សាកសួរ មុននឹងសម្រេចថាត្រូវឃុំខ្លួន ឬត្រូវដោះលែងជនត្រូវចោទជាបណ្តោះអាសន្ន។

យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោកចៅក្រម អ៊ី សុវណ្ណ បានចោទប្រកាន់ស្ត្រីឈ្មោះ ច្រេង សៀក ពីបទ រំលោភកាន់កាប់អចលនវត្ថុរបស់អ្នកដទៃ ប្រព្រឹត្តនៅភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល កាលពីអំឡុងឆ្នាំ២០១៤ យោងតាមមាត្រា ២៤៧, មាត្រា ២៤៨ និងមាត្រា ២៥៣ នៃច្បាប់ ភូមិបាល។

ជុំវិញករណីចាប់ខ្លួនស្ត្រីត្រូវចោទខាងលើ គេឃើញមានសាច់ញាតិ និងអ្នកភូមិ ប្រមាណជិត ១០០នាក់ បាននាំគ្នាមកតវ៉ានៅមុខសាលាដំបូងខេត្តកណ្តាល ទាមទារឲ្យតុលាការដោះលែងស្ត្រីត្រូវចោទវិញ។

កូនប្រុសស្រីរបស់ស្ត្រីត្រូវចោទបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ម្តាយរបស់គេ បានទិញដី ទំហំ ៧៥ហិកតា ដែលមានទីតាំងភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ពីប្រជាពលរដ្ឋជាង ២០០គ្រួសារ កាលពីអំឡុងឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០១៣ ដោយមានឯកសារទិញលក់ទទួលស្គាល់ដោយអាជ្ញាធរភូមិឃុំត្រឹមត្រូវ។

ពួកគាត់បន្តថា នៅអំឡុងឆ្នាំ២០១៤ ស្រាប់តែមានលោក ឧកញ៉ា ឈាង ប៉ាក់សួរ ចេញមុខមកប្តឹងទាមទារដីរបស់ម្តាយពួកគាត់ ដោយចោទប្រកាន់ថា ម្តាយរបស់ពួកគាត់ រំលោភយកដីដែលជាកម្មសិទ្ធិរបស់លោកឧកញ៉ា។ទោះជាយ៉ាងណា ក្រុមគ្រួសារ និងប្រជាពលរដ្ឋ បានសំណូមពរឲ្យតុលាការពិចារណា ក្នុងការដោះលែងស្ត្រីត្រូវចោទឲ្យមានសេរីភាពវិញ៕