ក្រសួងពាណិជ្ជកម្ម សហការជាមួយក្របខណ្ឌពង្រឹងសមាហរណកម្ម (EIF) និងអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានរៀបចំកម្មវិធីមួយនៅក្នុងកម្មវិធីនៃកិច្ចប្រជុំការត្រួតពិនិត្យឡើងវិញជាសកលលើកទី៧ ស្ដីពីជំនួយសម្រាប់ពាណិជ្ជកម្ម (Aid for Trade Global Review 2019) ដើម្បីផ្សព្វផ្សាយពីយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣។
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជបានមានប្រសាសន៍”ជាដំបូងខ្ញុំសូមថ្លែងអំណរគុណចំពោះការទទួលដ៏កក់ក្ដៅចំពោះការមកដល់របស់គណៈប្រតិភូរបស់ខ្ញុំនៅហ្សឺណែវ។ ខ្ញុំសូមវាយតម្លៃខ្ពស់ដល់ការគាំទ្ររបស់អង្គការពាណិជ្ជកម្មពិភពលោក ដែលផ្ដល់កិត្តិយស និងសហការរៀបចំការចូលរួមថ្លែងសុន្ទរកថារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកម្មវិធីបើកកិច្ចប្រជុំការត្រួតពិនិត្យឡើងវិញជាសកលលើកទី៧ ស្ដីពីជំនួយសម្រាប់ពាណិជ្ជកម្ម និងការសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងកម្រិតពិភពលោក នូវយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣»។
លោករដ្ឋមន្រ្តីបន្តទៀតថា កម្ពុជាធានាបាននូវកំណើនសេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់ ៧,៧% ក្នុងមួយឆ្នាំ សម្រាប់ពីរទស្សវត្តន៍ចុងក្រោយ។ នៅក្នុងនោះ ពាណិជ្ជកម្មបានរួមវិភាគទានយ៉ាងសំខាន់ដល់កំណើន ក៏ដូចជាចូលរួមដល់ការកាត់បន្ថយភាពក្រីក្រពី ៥៣% នៅក្នុងឆ្នាំ២០០៤ មកត្រឹមក្រោម ១០% ក្នុងឆ្នាំ២០១៨។
ការនាំចេញរបស់កម្ពុជាបានកើនឡើងជាលំដាប់ តាមរយៈការកើនឡើងនូវតម្រូវការ និងការពង្រឹងទីផ្សារសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ តាមតួលេខរបស់ធនាគារពិភពលោក ការនាំចេញសម្លៀកបំពាក់ និងស្បែកជើង ដែលមានចំណែកលើសពីរភាគបីនៃការនាំចេញទំនិញទាំងអស់របស់កម្ពុជា បានកើនឡើងចំនួន ១៧,៦% នៅឆ្នាំ២០១៨ លើសពីកំណើន ៨,៣% ដែលទទួលបានក្នុងឆ្នាំ២០១៧។
កម្ពុជានៅតែបន្តការតាំងចិត្តយ៉ាងមុតមាំលើគោលការណ៍ និងតម្លៃដែលទ្រទ្រង់ដោយអង្គការពាណិជ្ជកម្មពិភពលោក ជាមួយនឹងសកម្មភាពដូចខាងក្រោម ។ នៅក្នុងឆ្នាំ២០១៧ កម្ពុជាបានបញ្ចប់ដោយជោគជ័យនូវការពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មរបស់កម្ពុជា លើកទី២ ដែលជាកាតព្វកិច្ចរបស់កម្ពុជា។ កម្ពុជាបានរៀបចំ និងវិនិយោគលើការរៀបចំស្ថានបេសកកម្មអចិន្រ្តៃយ៍របស់កម្ពុជា នៅអង្គការពាណិជ្ជកម្មពិភពលោក។
ជាអ្នកសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងត្រូវបានជ្រើសរើសជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្របខណ្ឌពង្រឹងសមាហរណកម្ម (EIF) ក្នុងតំណែងជាតំណាងរបស់ប្រទេសអភិវឌ្ឍន៍តិចតួចនៅអាស៊ី។ សមិទ្ធផលទាំងនេះ ជាសក្ខីភាពនៃសេចក្ដីទុកចិត្តលើប្រព័ន្ធពាណិជ្ជកម្មពហុភាគីដ៏មានឥទ្ធិពល ដោយមានអង្គការពាណិជ្ជកម្មពិភពលោកជាសសរដ៏រឹងមាំ។
ភាពជោគជ័យរបស់កម្ពុជាជាភស្ដុតាងបញ្ជាក់ថា គោលនយោបាយពាណិជ្ជកម្មបើកទូលាយ រួមផ្សំជាមួយគោលនយោបាយក្នុងប្រទេសដោយយកចិត្តទុកដាក់ និងការគាំទ្រដល់ធុរកិច្ច នឹងបង្កើតជាផលប៉ះពាល់ជាវិជ្ជមានប្រកបដោយចីរភាព លើការអភិវឌ្ឍន៍សេដ្ឋកិច្ច។ចំពោះយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ កម្ពុជានៅតែជាប្រទេសទទួលផលនាំមុខគេ ក្នុងការអនុវត្តកម្មវិធី EIF។ ការធ្វើបច្ចុប្បន្នភាពលើកទីបីនេះ ត្រូវបានរៀបចំជួនពេលជាមួយនឹងការដាក់ឲ្យប្រើប្រាស់នូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់អាណត្តិទី៦ នៃរាជរដ្ឋាភិបាល។
គោលបំណងទីមួយនៃយុទ្ធសាស្ត្រ CTIS ២០១៩ គឺដើម្បីពង្រឹងភាពប្រកួតប្រជែងសម្រាប់គាំទ្រដល់ការចាកចេញរបស់កម្ពុជាពីប្រទេសអភិវឌ្ឍន៍តិចតួច ការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងចក្ខុវិស័យ២០៣០។ បញ្ហាប្រឈមដែលមានលក្ខណៈទូលំទូលាយ និងអន្តរវិស័យ នឹងប៉ះពាល់ដល់ភាពប្រកួតប្រជែងរបស់កម្ពុជា ដែលជាទិសដៅវិនិយោគរបស់ប្រទេសដទៃ ព្រមទាំងជះឥទ្ធិពលដល់ក្រុមហ៊ុនដែលមានបំណងធ្វើការផលិតសម្រាប់នាំចេញ។ ហេតុដូចនេះ ការដាក់ចេញនូវវិធានការដើម្បីពង្រឹងភាពប្រកួតប្រជែង នឹងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដែលរំពឹងទុក លើការបាត់បង់ការអនុគ្រោះពន្ធគយ។
ជាមួយនោះដែរ កម្ពុជាត្រូវចាប់ផ្ដើមធ្វើកំណែទម្រង់រចនាសម្ព័ន្ធជាអាទិភាព ជាពិសេសការធ្វើឲ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ កាត់បន្ថយចំណាយសម្រាប់ប្រកបធុរកិច្ច តាមរយៈការកាត់បន្ថយចម្លៃនៃអគ្គិសនី និងថ្លៃភស្ដុភារពាណិជ្ជកម្ម។ ជាផ្នែកមួយនៃការឆ្លើយតបទៅនឹងការប្រឈមខាងលើ នៅដើមឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការមួយចំនួនសម្រាប់អនុវត្តភ្លាមៗ ដែលអាចនឹងលើកកម្ពស់ភាពប្រកួតប្រជែង និងកាត់បន្ថយថ្លែពាណិជ្ជកម្ម។
គោលបំណងទីពីរ គឺត្រូវចាប់យកប្រភពថ្មីសម្រាប់កំណើន ដូចជាសេវាកម្ម និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ (IR ៤.០)។ កម្ពុជាត្រូវតែចាប់យក និងទាញយកផលប្រយោជន៍ពីប្រភពថ្មីសម្រាប់កំណើននេះ គ៏ដូចជាទីផ្សារថ្មីៗ ទោះបីជាមាន ឬគ្មានភាពអនុគ្រោះពាណិជ្ជកម្មក៏ដោយ ដើម្បីបង្កើតការងារថ្មីៗសម្រាប់ប្រជាជន។
ប្រភពថ្មីសម្រាប់កំណើនទាំងនេះ នឹងអាចផ្តល់ជាឬសគល់ក្នុងការធ្វើសមាហរណកម្មរបស់កម្ពុជាទៅក្នុងខ្សែសង្វាក់តម្លៃក្នុងតំបន់ និងឆ្លើយតបទៅនឹងតម្រូវការនៃផលិតផល និងសេវាកម្មថ្មីៗ ក៏ដូចជាជំរុញដល់ផលិតករឲ្យស្រាវជ្រាវពីធាតុចូលពិសេស និងទំនើប ព្រមទាំងការផ្តល់យោបល់ប្រកបដោយវិជ្ជាជីវៈផងដែរ។
យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្នុង ២០១៩-២០២៣ គូសបញ្ជាក់ពីភាពចាំបាច់ក្នុងការពន្លឿនការប្រែក្លាយឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថល។ ដើម្បីឲ្យកម្ពុជាទទួលបានអត្ថប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថល កម្ពុជាមិនត្រឹមតែត្រូវមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបង្កើនស្ថាប័ន ជំនាញ និងបទបញ្ញត្តិ។
ជាមួយនឹងយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មជំនាន់ទី៤ ខ្ញុំជឿជាក់ថាកម្ពុជានឹងបន្តរក្សាកំណើនដ៏គួរឱ្យកត់សម្គាល់នេះ នឹងសម្រេចបាននូវគោលដៅទាំងអស់ដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្ត។ យុទ្ធសាស្ដ្រនេះ ផ្តល់នូវទិសដៅច្បាស់លាស់សម្រាប់ការអនុវត្តន៍សកម្មភាពគោលនយោបាយរវាងភាគីពាក់ព័ន្ធទាំងអស់ជាមួយក្រសួងពាណិជ្ជកម្ម។
លោក ប៉ាន សូរស័ក្ដិ បញ្ជាក់ថា«ខ្ញុំសូមអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ទាំងអស់គាំទ្រដល់ការអនុវត្តន៍យុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មជំនាន់ថ្មីនេះ ដើម្បីធ្វើឲ្យអត្ថប្រយោជន៍ដែលទទួលបានពីការធ្វើពាណិជ្ជកម្ម នឹងសម្រេចបានប្រកបដោយបរិយាប័ន្ន និងសមភាព»។
លើសពីនេះលោកគូរបញ្ជាក់ថា សូមថ្លែងអរគុណយ៉ាងស្មោះស្ម័គ្រចំពោះដៃគូអភិវឌ្ឍន៍ដែលបានគាំទ្រយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មជំនាន់ទី៤នេះ តាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងការលើកទឹកចិត្តរបស់ពួកគេ ជាពិសេសភាពចំពោះក្របខណ្ឌពង្រឹងសមាហរណកម្ម (EIF) ជាដៃគូយ៉ាងសំខាន់ ដែលបានផ្ដល់ការគាំទ្រហិរញ្ញវត្ថុ និងអង្គការពាណិជ្ជកម្មពិភពលោក អង្គការ UNCTAD, អង្គការ UNDP, អង្គការ UNIDO និងអង្គការ USAID ក្នុងនាមជាដៃគូដ៏មានតម្លៃផងដែរ។