កំពង់ធំ៖ ឯកឧត្តម បណ្ឌិត សួង ណយ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដោយមានការសហការជាមួយធនាគារអភិវឌ្ឍន៍ជនបទនិងកសកម្ម សាខាខេត្តបាត់ដំបង និងការិយាល័យចល័តខេត្តកំពង់ធំ នៅថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២៥នេះបានដឹកនាំកសិករមកពីបណ្តាស្រុកទាំងអស់ចុះធ្វើទស្សនកិច្ចសិក្សានៅទីតាំងផ្ទាល់របស់សហគមន៍កសិកម្មតាសីសាមគ្គី។
ក្នុងដំណើរទស្សនកិច្ចផ្ទាល់នៅទីនោះ ឯកឧត្តម បណ្ឌិត សួង ណយ និងតំណាងធនាគារ ARDB លោក ណុប នុន ប្រធានសហគមន៍កសិកម្មតាសីសាមគ្គីក៏បានរៀបចំកម្មវិធីបណ្តុះបណ្តាលរយៈពេលខ្លីវគ្គទី៥ផងដែរ អំពីការដាំដុះ បន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ដល់ប្រជាពលករមកពីប្រទេសថៃ ដោយបង្ហាញឲ្យឃើញពីការអនុវត្តផ្ទាល់និងកន្លែងសហគមន៍តែម្តង ដើម្បីឲ្យពួកគាត់ក្លាយជាបុគ្គលិកនិងមានចំណេះជំនាញច្បាស់លាស់លើការដាំដុះបន្លែ និងចិញ្ចឹមសត្វផងដែរ។
លើសពីនេះ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលវគ្គខ្លីពីអ្នកជំនាញរួចហើយនោះ កសិករទាំងនោះអាច យកចំណេះដឹងទៅអនុវត្តបាននៅក្នុងជីភាពរស់នៅប្រចាំថ្ងៃជាមួយនឹងការធ្វើកសិកម្មល្អ ដាំដុះបន្លែសុវត្ថិភាព នឹងបង្កើនប្រាក់ចំណូលបន្ថែមទៀតដល់គ្រួសារ ព្រមទាំងចូលរួមបង្កើតមូលដ្ឋានសេដ្ឋកិច្ចនៅជនបទថែមទៀតផង។
សហគមន៍កសិកម្មតាសីសាមគ្គីបានចាប់ផ្តើមដំបូងមានសមាជិកចំនួនតែ៦៥គ្រួសារប៉ុណ្ណោះ ដោយមានការដាំដុះតែនៅតាមទីវាលក្នុងស្រុកថ្មគោល តែបច្ចុប្បន្នសមាជិកមានការកើនឡើងដល់៣៧៤គ្រួសារ និងបានពង្រីកសកម្មភាពការងារដល់បណ្តាខេត្តផ្សេងៗទៀតសម្រាប់ពង្រីកទីផ្សារ បន្លែសុវត្ថិភាព ក្នុងផ្ទះសំណាញ់ មានខេត្តបាត់ដំបង សៀមរាប កំពង់ធំ កណ្តាល កំពង់ឆ្នាំង និងរាជធានីភ្នំពេញ។
