ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកបណ្ឌិត រ័ត្ន សណ្តាប់ អ្នក ជំនាញអារ្យធម៌ខ្មែរ៖ កម្ពុជាត្រូវប្រយ័ត្នប្រយែង ចំពោះការដាក់បង្ហាញលក់សាច់គោស្រស់នៅតាមផ្លូវ ដើម្បីទទួល ភ្ញៀវទេសចរឥណ្ឌាកាន់តែច្រើន ខណៈឥណ្ឌាចាត់ទុកគោជាទីសក្ការៈមួយដ៏សំខាន់

(ភ្នំពេញ)៖ លោកបណ្ឌិត រ័ត្ន សណ្តាប់ អ្នកជំនាញអារ្យធម៌ខ្មែរ បានលើកឡើងថា ជាផ្នែកមួយជួយទាក់ទាញភ្ញៀវទេសចរឥណ្ឌាឱ្យមកកម្សាន្ត នៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត កម្ពុជាគួរតែមានការប្រុងប្រយ័ត្ន ចំពោះការដាក់ លក់សាច់គោ ដោយព្យួរ ឬបង្ហាញនៅតាមផ្លូវ នៅតាមតំបន់ដែលភ្ញៀវទេសចរនិយមដើរកម្សាន្ត។
ការលើកឡើងរបស់អ្នកជំនាញអារ្យធម៌ខ្មែរ ស្របពេលសន្ទុះភ្ញៀវទេសចរឥណ្ឌា ដែលមកកម្សាន្តនៅកម្ពុជា រយៈពេលចុងក្រោយនេះ បានកើនឡើងគួរឱ្យកត់សម្គាល់។
លោកបានកត់សម្គាល់ថា ឥណ្ឌា គឺជាទីផ្សារ ទេសចរណ៍ដ៏ធំមួយ បន្ទាប់ពីចិន ដោយប្រទេសទាំងពីរនេះ មានប្រជាជនប្រហាក់ប្រហែលគ្នា មានចំនួនរាប់ពាន់លាននាក់។ ហើយប្រទេសនេះ ក៏មានប្រជាជនដែលមានជីវភាពកម្រិតកណ្តាលច្រើន ដូច្នេះប្រសិនបើកម្ពុជាទាញបានទេសចរឥណ្ឌាបាននោះច្រើន នោះនឹងជួយជំរុញឱ្យវិស័យទេសចរណ៍កម្ពុជា កាន់តែមានសក្តានុពល និងស្ទុះឡើងជាងមុន ដែលជំរុញកម្ពុជាកាន់តែអស្ចារ្យ បើធៀបនឹងប្រទេសស្ថិតក្នុងតំបន់អាស៊ី។
លោកមានប្រសាសន៍ថា កម្ពុជា និងឥណ្ឌា មានវប្បធម៌ស្រដៀងគ្នា ដោយសារកម្ពុជា ក៏ទទួលឥទ្ធិពលពីព្រហ្មញ្ញសាសនា ជាសាសនាដែលគេចាត់ទុកថា មានវ័យចំណាស់បំផុតមួយនៅក្នុងពិភពលោក ដែលធ្វើឱ្យអរិយធម៌ កម្ពុជានិងឥណ្ឌាស្រដៀងគ្នា ដោយឆ្លុះបញ្ចាំងតាមរយៈស្ថាបត្យកម្មនៅតាមជញ្ជាំងប្រសាទនានា ដែលបានកសាងឡើង គោរពដល់ព្រហ្មញ្ញសាសនា ឬគេហៅថា សាសនាហិណ្ឌូ។
ក្នុង សាសនាហិណ្ឌូសត្វគោ គឺជាយានជំនិះរបស់ព្រះឥសូរ និងត្រូវបានអ្នកគោរពសាសនានេះ ចាត់ជាទីសក្ការៈមួយដែលសំខាន់ណាស់ ហេតុនេះហើយទើបជនជាតិឥណ្ឌា មិនបរិភោគសាច់គោឡើយ។
ដោយសារតែជនជាតិឥណ្ឌា គោរព និងមិនបរិភោគសាច់គោ ដូច្នេះការលក់សាច់គោនៅតាមរមនីយនានា គួរតែគិតគូរ ជាពិសេសរមនីយដ្ឋានអង្គរ ទីដែលទេសចរឥណ្ឌាចូលចិត្តដើរកម្សាន្ត ដើម្បីកុំឱ្យប៉ះពាល់ដល់អារម្មណ៍ពួកគេ ដែលជាអ្នកកាន់សាសនាព្រហ្មញ្ញសាសនា ឬ សាសនាហិណ្ឌូ។ អាជ្ញាធរគួរតែមានការកំណត់តំបន់ នៃការលក់ ហើយជំរុញឱ្យអ្នកលក់ ជាពិសេសការលក់នៅតាមផ្លូវ ត្រូវវេចខ្ចប់ឱ្យបានត្រឹមត្រូវ ឱ្យមានរបៀបរៀបរយ និងគួរតែកុំដាក់តាំងបង្ហាញនៅតាមដងផ្លូវ។
លោកគូសបញ្ជាក់បន្ថែមយ៉ាងដូចច្នេះថា «អីចឹងអ្វីដែលយើងគួរប្រយ័ត្នប្រយែង ដើម្បីទទួលនូវភ្ញៀវទេសចរឥណ្ឌា ការគោរពជំនឿ សាសនា របស់ជនជាតិឥណ្ឌា គឺសំខាន់ បើយើងគោរពដល់ព្រះ គឺនាំមកនូវសន្តិភាព និងភាពជោគជ័យដល់អាជីវកម្មយើងផងដែរ។ សម្រាប់តំបន់រមនីយដ្ឋានដែលជនជាតិឥណ្ឌាទៅ យើងគួរតែកុំតាំងបង្ហាញ និងលក់កុំឱ្យគេឃើញ ត្រូវមានការវេចខ្ចប់ ដើម្បីកុំឱ្យប៉ះពាល់ដល់អារម្មណ៍គេ។ ដូច្នេះអាជ្ញាធរគួរតែពិនិត្យមើល នៅតាមទីផ្សារដែលឥណ្ឌាចូលចិត្តដើរ យើងត្រូវរៀបចំទុកដាក់ឱ្យស្រួល ហើយតំបន់ផ្សេងៗទៀតវាអត់អីទេ»។
យ៉ាងណាក៏កន្លងមក ការលក់សាច់គោស្រស់ព្យួរនៅតាមផ្លូវ ក៏ធ្លាប់ត្រូវ ក្រសួង ធម្មការ និង សាសនា ចេញ សារាចរ ហាមមិន លក់ដូរម្តងហើយ កាលពីឆ្នាំ២០១៨។ ក្នុងសារាចរណ៍ណែនាំនេះ បានបញ្ជាក់ថា ដើម្បី បណ្ដុះ ស្មារតី សីលធម៌ សង្គម ក្រសួង ធម្មការ និង សាសនា បានណែនាំ ដល់ អាជីវករ ហាម ដាច់ខាត នូវ សកម្មភាព រូបភាព អាជីវកម្ម « គោដុត » នៅ ទីសាធារណៈ ដូចជា មុខ ហាង ជាដើម ដែល បានបង្ហាញ នូវ សកម្មភាព ហិង្សា ឃោរឃៅ ផ្ទុយ នឹង គោលការណ៍ អហិង្សា ធម៌ របស់ ព្រះពុទ្ធសាសនា ។
បន្ថែមពីនេះ អ្នកជំនាញអារ្យធម៌ខ្មែរ លោកបណ្ឌិត រ័ត្ន សណ្តាប់ បានលើកទឹកចិត្តដល់អ្នកលក់ម្ហូបអាហារ គួរស្វែងយល់បន្ថែមពីម្ហូបអាហាររបស់ឥណ្ឌា ដើម្បីទទួលភ្ញៀវឥណ្ឌា ។ បន្ថែមពីនេះ អាជ្ញាធរ គួរតែមានរៀបចំទីតាំងផ្សេងៗ ព្រោះជនជាតិឥណ្ឌាដែលមានជីវភាពល្អ ចូលចិត្តដើរថតរូប ជាពិសេសការថតបែប Pre wedding។
គួរជម្រាបផងដែរថា បច្ចុប្បន្ននេះចំនួនអ្នកកាន់សាសនាហិណ្ឌូ នៅលើពិភពលោកមានប្រហែល ១.២ពាន់លាននាក់ ឬប្រហែល ១៥% នៃមនុស្សលើពិភពលោក ហើយឥណ្ឌា គឺជាប្រទេសដែលមានអ្នកជឿសាសនាហិណ្ឌូធំជាងគេបំផុតលើពិលោក។
បន្ទាប់ពីបានថៃ បានបំផ្លាញបដិមា ព្រះវិស្ណុ នៅតំបន់អានសេះខេត្តព្រះវិហារកាលពីពេលថ្មីនេះ បានធ្វើឱ្យអ្នកជឿសាសនាហិណ្ឌូទូទាំងពិភពលោក ប៉ះពាល់ សតិអារម្មណ៍ ហើយអាចនឹងបង្វែរដំណើរកម្សាន្តមកកម្ពុជាវិញ ដែលនេះជាឱកាសមួយសម្រាប់កម្ពុជា ក្នុងការច្បាមយកទេសចរឥណ្ឌាមកកម្ពុជា៕