ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៅថ្ងៃទី០៩ ខែមករាឆ្នាំ២០២៦នេះ ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខនិងនាំយកអំណោយដូចជា គ្រឿងឧបភោគបរិភោគសម្ភារៈប្រើប្រាស់ និងថវិកា មកចែកជូនបងប្អូនជនភៀសសឹក ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តគីឡូលេខ៨ និងវត្តត្រាវគៀត ក្នុងខេត្តព្រះវិហារ។
ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ឱ្យយកចិត្តទុកដាក់លើបញ្ហាអនាម័យ និងការហូបស្អាត ផឹកស្អាត ដើម្បីបង្ការជំងឺដង្កាត់ផ្សេងៗ។ ព្រមទាំងកោតសរសើរដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំរៀបចំជម្រក និងសម្របសម្រួលដល់ការស្នាក់នៅរបស់បងប្អូនឱ្យមានសុវត្ថិភាព។
ឯកឧត្តមបណ្ឌិត គុណ ញឹម ក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋឱ្យរក្សាសាមគ្គីភាព និងថែរក្សាសុខភាពឱ្យបានល្អ៕






