ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមរថយន្តដឹកទំនិញពីវៀតណាម ទម្លាយការអះអាងអំពើទារប្រាក់ក្រៅច្បាប់របស់មន្ត្រីគយ ដែលមាន កុងត្រូល ជជុះ ៤ កន្លែងតាមផ្លូវជាតិលេខ២

ខេត្តតាកែវ÷ តាមក្រុមអ្នកបើកបររថយន្តស៊ីឈ្នួល ដឹកទំនិញមកពីប្រទេសវៀតណាម បានចេញមុខអះអាងជាសាធារណៈ អំពីសកម្មភាពដាក់ “កុងត្រូលជជុះ” ចំនួន ៤ កន្លែង ចាប់ពីច្រកព្រំដែនភ្នំដិន ខេត្តតាកែវ រហូតដល់រាជធានីភ្នំពេញ ដែលត្រូវបានចោទប្រកាន់ថា ជាការទារប្រាក់ក្រៅប្រព័ន្ធ និងផ្ទុយពីច្បាប់គយ និងរដ្ឋាករ។
តាមការអះអាងរបស់ក្រុមអ្នករកស៊ី កន្លែងដែលមានសកម្មភាពខ្លាំងបំផុត ស្ថិតលើផ្លូវជាតិលេខ២ ត្រង់ចំណុចភូមិផ្សារតាកោ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដែលមានមន្ត្រីគយម្នាក់ឈ្មោះ “រក្ស” ត្រូវបានចោទថា បានជួលជនស៊ីវិល មិនពាក់ឯកសណ្ឋានគយ ឲ្យអង្គុយប្រចាំការដើម្បីទទួលប្រាក់ពីរថយន្តដឹកទំនិញគ្រប់ប្រភេទ មកពីប្រទេសវៀតណាម។
ប្រភពដដែលអះអាងថា ការទារប្រាក់ត្រូវធ្វើជាប្រព័ន្ធ មានអត្រាច្បាស់លាស់ ប្រហែល ៧ម៉ឺនរៀលក្នុងមួយរថយន្ត ហើយបើបង់ខ្វះ សូម្បីតែមួយរៀល ក៏ត្រូវប្រឈមនឹងការគំរាមអូសរថយន្តទៅស្នាក់ការគយខេត្តតាកែវ។ សកម្មភាពបែបនេះ ត្រូវបាននិយាយថា មានលក្ខណៈដូច “ម៉ៅការផ្លូវ” មិនមែនការអនុវត្តតួនាទីតាមនីតិវិធីច្បាប់គយឡើយ។
បើតាមច្បាប់គយ និងរដ្ឋាករកម្ពុជា ការត្រួតពិនិត្យ ការផាកពិន័យ ឬការទាមទារប្រាក់ណាមួយ ត្រូវអនុវត្តដោយមន្ត្រីមានអត្តសញ្ញាណច្បាស់ ពាក់ឯកសណ្ឋាន មានលិខិតបញ្ជាផ្លូវការ និងចេញវិក័យប័ត្រត្រឹមត្រូវ។ ការទទួលប្រាក់ដោយគ្មានបង្កាន់ដៃ គ្មានលិខិតស្នាម និងប្រើជនស៊ីវិល ជាការអះអាងថា ផ្ទុយពីគោលការណ៍ច្បាប់ និងអាចចូលក្នុងបទល្មើសពុករលួយ។
ក្រុមអ្នកដឹកទំនិញបន្ថែមថា ក្នុងករណីរថយន្តត្រូវអូសទៅសាខាគយខេត្តតាកែវ គេត្រូវបង់ប្រាក់ចាប់ពី ៣ លានរៀល ដល់ ៤ លានរៀល ក្នុងមួយក្បាលរថយន្ត ទើបអាចដោះលែងបាន ហើយប្រាក់ទាំងនេះ មិនមានវិក័យប័ត្រផ្លូវការណាមួយឡើយ។ស្ថានភាពនេះ បានធ្វើឲ្យអ្នករកស៊ីខ្នាតតូចមួយចំនួន ជួបបញ្ហាបំណុល រហូតខ្លះត្រូវចាកចេញពីស្រុកកំណើត។
ដោយឡែក ក្រុមអ្នកសារព័ត៌មានអះអាងថា បានចុះពិនិត្យជាក់ស្តែង និងឃើញរថយន្តដឹកទំនិញជាច្រើន បន្តកន្ទុយគ្នាចូលទៅបង់ប្រាក់នៅស្នាក់ការគយខាងលើ ចាប់ពីពេលល្ងាចរហូតដល់យប់ជ្រៅ ដែលបង្កឲ្យមហាជនកាន់តែមានការសង្ស័យចំពោះភាពស្របច្បាប់នៃសកម្មភាពទាំងនេះ។
នៅថ្ងៃទី៩ខែមករាឆ្នាំ២០២៦នេះ សារព័ត៌មាន ដេលីខ្មែរ មិនអាចសុំការបំភ្លឺពី មេគយចល័តនៅ ក្រុងដូនកែវ ខេត្តតាកែវ បានទេ ករណីការចោទថា ក្រុមរថយន្តដឹកទំនិញពីវៀតណាម មានការទារប្រាក់ក្រៅច្បាប់របស់មន្ត្រីគយ ដែលមាន កុងត្រូល ជជុះ ៤ កន្លែងតាមផ្លូវជាតិលេខ២។
ក្នុងន័យនេះ មហាជន និងក្រុមអ្នករកស៊ី សូមអំពាវនាវឲ្យ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតដោយឯករាជ្យ និងតាមច្បាប់ ដើម្បីបញ្ជាក់ការពិត និងចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើរកឃើញការប្រព្រឹត្តខុស។