ភ្នំពេញ: ឯកឧត្តម សូ ម៉ារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានក្រុមការងារបក្សចុះរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌដូនពេញ និងគណៈកម្មាធិការគណបក្សខណ្ឌដូនពេញដើម្បីរៀបចំពិធីផ្សព្វផ្សាយសារពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសអបអរសាទរខួបលើកទី៤៧ នៃទិវាជ័យជំនះ ៧មករា (៧មករា ១៩៧៩ – ៧មករា ២០២៦) និងបូកសរុបរបាយការណ៍ប្រចាំឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦។
ក្នុងឱកាសបូកសរុបអង្គប្រជុំ ឯកឧត្តមប្រធានក្រុមការងារបានយកចិត្តទុកដាក់ជំរុញដល់មូលដ្ឋានក្នុងការអនុវត្តបទបញ្ជាររបស់រាជរដ្ឋាភិបាលលេខ០១ ស្តីពីយុទ្ធនាការបោសសម្អាតការឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនុក្រិតលេខ០៣ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ដោយឯកឧត្តមបានណែនាំឱ្យមូលដ្ឋានយកចិត្តទុកដាក់ ធ្វើការត្រួតពិនិត្យសកម្មភាពនៃការប្រមូលផ្តុំរបស់ជនបរទេស និងម្ចាស់ទីតាំងទាំងឡាយ ដើម្បីធានាថាពួកឧក្រិដ្ឋជននឹងមិនមាននៅក្នុងទីតាំងភូមិសាស្រ្តរបស់ខ័ណ្ឌដូនពេញយើងឡើយ។
ទិសដៅបន្តឯកឧត្តមក៏បានយកចិត្តទុកដាក់ឱ្យបងប្អូនក្នុងក្រុមការងារសង្កាត់ទាំងអស់លើកកំពស់ស្មារតីសាមគ្គីជាតិជាធ្លុងមួយ នៅពីក្រោយវិរៈកងទ័ព វិរៈនគរបាលជាតិគ្រប់រូបដែលកំពុងឈរជើងបំពេញបេសកកម្មយ៉ាងអង់អាចក្លាហានការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា និងបន្តផ្តល់ជំនឿដ៏មុតមាំលើរាជរដ្ឋាភិបាល រួបរួមសាមគ្គីគ្នាក្នុងស្មារតីជាតិខ្មែរតែមួយ ប្រើប្រាស់តម្លៃនៃសន្តិភាពនេះ ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាពលរដ្ឋឆ្នើមរបស់កម្ពុជា និងក្លាយជាកម្លាំងដ៏រឹងមាំមិនអាចបំបែកបំបាក់បាន ក្នុងកិច្ចការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី និងការអភិវឌ្ឍជាតិ មាតុភូមិកម្ពុជាជាទីស្នេហាបំផុតនៃយើងឱ្យកាន់តែមានការរីកចម្រើនខ្លាំងក្លាឡើងជាលំដាប់និងក្លាយជាប្រជាជាតិមួយ ប្រកបដោយមោទនភាព និងកិត្យានុភាពខ្ពស់ត្រដែតលើឆាកអន្តរជាតិ។













