បាត់ដំបង៖ សហគមន៍កសិកម្មតាសីសាមគ្គី នៅព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៦នេះ បានរៀបចំកម្មពិធីបើកវគ្គបណ្តុះបណ្តាលជំនាញកសិកម្មជំនាន់ទី៦ដល់សិក្ខាកាមចំនួន ២៥នាក់ ដោយមានរយៈពេលបណ្តុះបណ្តាលសរុប ៣០ថ្ងៃ ។
វគ្គបណ្តុះបណ្តាលនេះ ដឹកនាំដោយ លោក ណុប នុន ប្រធាន សហគមន៍កសិកម្មតាសីសាមគ្គី ផ្តោតលើ ទ្រឹស្តី និងការអនុវត្តផ្ទាល់ ដើម្បីបង្កើនចំណេះដឹង ជំនាញ និងបទពិសោធន៍ជាក់ស្តែងក្នុងវិស័យកសិកម្ម និងការបង្កើតអាជីពប្រកបដោយចីរភាព។
ចំណុចសំខាន់គឺ ផ្តោតការគ្រប់គ្រងកសិដ្ឋាន បច្ចេកទេសទីផ្សារ និងការលក់ផលិតផលកសិកម្មបច្ចេកទេសលើដំណាំ (ពីការរៀបចំដី រហូតដល់ការប្រមូលផល) ការប្រើប្រាស់ជី ទឹក និងសារធាតុការពារដំណាំដោយសុវត្ថិភាព។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងបណ្តុះបណ្តាលធនធានមនុស្សឱ្យមានជំនាញពិតប្រាកដ អាចយកទៅអនុវត្តបានជាក់ស្តែង និងបង្កើនចំណូលក្នុងគ្រួសារ និងសហគមន៍។ សហគមន៍កសិកម្មតាសីសាមគ្គី សូមអរគុណដល់សិក្ខាកាម និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមគាំទ្រ និងជួយអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។ទីតាំង៖ ភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
លោក ណុប នុន ប្រធាន សហគមន៍កសិកម្មតាសីសាមគ្គី ធ្លាប់លើកឡើងថា តាសីសាមគ្គី គឺជាសហគមន៍កសិកម្មសាមគ្គីមួយ បានផ្តោតសំខាន់លើការផលិតបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់សម្រាប់ផ្គត់ផ្គង់ទីផ្សារនានាទាំងក្នុងខេត្ត និងក្រៅខេត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដែលរហូតមកដល់នឹងពេលនេះសហគមន៍កសិកម្មតាសីសាមគ្គី បានពង្រីកការដាំដុះបន្លែសុវត្ថិភាព ក្នុងផ្ទះសំណាញ់ នៅក្នុងខេត្តបាត់ដំបង បានចំនួន២៤៤ខ្នងផ្ទះសំណាញ់ ។
បន្លែអាទិភាពកំពុងធ្វើការដាំដុះក្នុងផ្ទះសំណាញ់ មានដូចជាស្ពៃចង្កឹះ ស្ពៃក្រញាញ់ ស្ពៃតឿ ខាត់ណាដើម និងខាត់ណាផ្កាជាដើម ។ លោកបានបន្តថា សហគមន៍ក្នុងស្រុកថ្មគោល ក្នុងមួយថ្ងៃអាចប្រមូលផលបាន ក្នុងចន្លោះចាប់ពី២តោន ទៅ២តោនកន្លះ ដែលមានម៉ូយចាំទទួលទិញនៅរាជធានីភ្នំពេញ ក្រៅពីនោះត្រូវបានផ្គត់ផ្គង់នៅលើទីផ្សារ ក្នុងខេត្តបាត់ដំបង សៀមរាប និងខេត្តបន្ទាយមានជ័យ ជាដើម ។
សហគមន៍កសិកម្ម តាសីសាមគ្គី ស្ថិតនៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង កំពុងផលិតបន្លែសុវត្ថិភាពតាមរយៈបច្ចេកទេសកសិកម្មវ័យឆ្លាត GAP ដោយផ្គត់ផ្គង់បន្លែទៅកាន់ទីផ្សាររបស់ខ្លួនបានគ្រប់រដូវកាលដែលបច្ចុប្បន្នសហគមន៍មួយនេះបានខិតខំពង្រីកការងារដាំដុះក្នុងផ្ទះសំណាញ់ ដើម្បីបង្កើនសុវត្ថិភាពបន្លែ តម្រូវតាមការចង់បានរបស់ទីផ្សារ និងការបង្កើនជីវភាពកសិករក្នុងសហគមន៍។ អ្វីដែលសំខាន់ សម្រាប់ការដាំដុះបន្លែក្នុងផ្ទះសំណាញ់ គឺចំណាយដើមទុនតិចបានផលច្រើនជាងការដាំនៅខាងក្រៅ ព្រោះវាអាចការពារពីសត្វល្អិតស៊ីដំណាំ និងកាត់បន្ថយជាតិគីមី ។









