ភ្នំពេញ:ពិធីចុះហត្ថលេខាលើកិច្ចសន្យានេះ ត្រូវបានធ្វើឡើង ក្នុងមហាសន្និបាតរបស់ OCA នៅរដ្ឋធានីតាស្កិន ប្រទេសអ៊ូបេគីស្ថាន កាលពីព្រឹកថ្ងៃទី ២៦ ខែមករានេះ គឺជាការចុះហត្ថលេខាដោយផ្ទាល់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងលោក សេង វណ្ណៈ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ជាមួយលោក Timothy Fox ប្រធានស្តីទីក្រុមប្រឹក្សាអូឡាំពិកអាស៊ី។
ការចុះហត្ថលេខាលើកិច្ចសន្យា ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៤ ឆ្នាំ២០៣១ នេះ គឺទទួលបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់បំផុត ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ហើយនេះជាលើកដំបូងហើយ ដែលកម្ពុជា ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាយុវជអាស៊ីនេះ។
យ៉ាងណាក៏ដោយ កម្ពុជា ធ្លាប់ទទួលបានលទ្ធផលយ៉ាងត្រចេះត្រចង់ ទៅលើការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ ហើយតាមរយៈបទពិសោធន៍នោះ កម្ពុជា នៅតែមានការជឿជាក់ ក្នុងការរៀបចំព្រឹត្តិការណ៍កម្រិតអាស៊ីនេះ ឱ្យបានល្អ និងមានភាពរលូន ដើម្បីផ្តល់ជាទំនុកចិត្តដល់ប្រទេសទាំងអស់ នៅក្នុងតំបន់អាស៊ី សម្រាប់ការត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍នេះ នៅឆ្នាំ ២០៣១។
ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «កិច្ចសន្យានេះ ជាយន្តការស្តង់ដាប្រតិបត្តិរៀបចំព្រឹត្តិការណ៍ប្រកួតពហុកីឡាយុវជន AYG-2031 ដែលបែងចែកការទទួលខុសត្រូវ រវាងម្ចាស់កម្មសិទ្ធិ និងម្ចាស់ផ្ទះឱ្យបានត្រឹមត្រូវ តាមនិយាមកីឡាអន្តរជាតិ ជាពិសេសការបញ្ជាក់ និងធានាឱ្យព្រឹត្តិការណ៍ប្រកួតរៀបចំ និងប្រព្រឹត្តទៅដោយរលូន ទន់ភ្លន់ ម៉ឺងម៉ាត់ និងជោគជ័យ សម្រាប់សមាជិកអូឡាំពិកទាំង ៤៥ ប្រទេសត្រៀមចូលរួម»។
ឯកឧត្តម វ៉ាត់ ចំរើន បានអះអាងថា ចលនាអូឡាំពិកកម្ពុជា ប្តេជ្ញាខិតខំប្រឹងប្រែងត្រៀមគ្រប់លក្ខណៈសម្បត្តិ ដើម្បីបំពេញកាតព្វកិច្ចឱ្យបានល្អ ក្នុងការនាំយកកំណត់ត្រាប្រវត្តិសាស្រ្តថ្មីមួយទៀតជូនកម្ពុជា និងចូលរួមអបអរសាទរកម្ពុជា ក្លាយជាប្រទេស មានសេដ្ឋកិច្ចមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០។
ប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្តម វ៉ាត់ ចំរើន ពេលចូលរួមកិច្ចប្រជុំមហាសន្និបាតរបស់ OCA នៅប្រទេសអ៊ូបេគីស្ថាន កាលពីព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៦។ រូបថត NOCC
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ផងនោះ បានអំពាវនាវដល់គ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ សូមឱ្យមានការជឿជាក់លើរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលនឹងធ្វើឱ្យប្រទេសជាតិ មានភាពអស្ចារ្យម្ដងទៀត ក្នុងឆ្នាំ២០៣១ បន្ទាប់ពីកម្ពុជា ទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ ជាប្រវត្តិសាស្រ្ត សម្រាប់ការធ្វើម្ចាស់ផ្ទះស៊ីហ្គេម ជាលើកដំបូង កាលពីឆ្នាំ ២០២៣។
គួររំឭកថា ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៤ នេះ ដំបូងឡើយ ត្រូវធ្វើនៅឆ្នាំ ២០២៩ ប៉ុន្តែក្រុមប្រឹក្សាអូឡាំពិកអាស៊ី ក្នុងកិច្ចប្រជុំគណៈកម្មការប្រតិបត្តិរបស់ខ្លួន នៅប្រទេសបារ៉ែន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២៥ បានស្នើកម្ពុជា លើកពេលការប្រកួត ទៅធ្វើនៅឆ្នាំ ២០៣១វិញ ក្រោមមូលហេតុកែសម្រួលពេលវេលារៀបចំព្រឹត្តិការណ៍នេះ ពី ៤ឆ្នាំ ទៅ ២ ឆ្នាំម្ដងវិញ ហើយរដ្ឋាភិបាលកម្ពុជា និង NOCC បានយល់ព្រមតាមការស្នើនេះ៕

