ភ្នំពេញ:អ្នកឧកញ៉ា សំ សុខនឿន សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន KH HAITECH នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជម្រាបជូននូវបំណងអភិវឌ្ឍរោងចក្រដែលមានស្វ័យប្រវត្តិកម្មខ្ពស់ និងមានសមត្ថភាពផ្លាស់ប្ដូរតាមតម្រូវការ ព្រមទាំងផ្គត់ផ្គង់ថេប្លេត (tablet) តម្លៃសមរម្យសម្រាប់ទីផ្សារកម្ពុជា ពិសេសសម្រាប់សិស្សនិស្សិត និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចពង្រីកលទ្ធភាពប្រើប្រាស់ឧបករណ៍ឌីជីថល និងសិក្សាតាមប្រព័ន្ធអនឡាញកាន់តែទូលំទូលាយ។
អ្នកឧកញ៉ា សំ សុខនឿន បានលើកឡើងថា ក្រុមហ៊ុន KH HAITECH ត្រូវបានបង្កើតឡើងជាការវិនិយោគរួមទុនរវាងសហគ្រាសកម្ពុជា និងដៃគូពីប្រទេសចិន និងសិង្ហបុរី ដោយគ្រោងបង្កើតម៉ាកយីហោខ្មែរ។ ជាមួយគ្នានេះ លោក Dennis Lye Ngaic Seong ស្ថាបនិក និងនាយករបស់ក្រុមហ៊ុននេះ បានបន្ថែមថា ក្រុមហ៊ុនកំពុងសិក្សាទីតាំងមួយចំនួនសម្រាប់បង្កើតមូលដ្ឋានផលិតកម្ម និងបានបញ្ជាក់ថា សេវាប្រើប្រាស់ចាំបាច់ ពិសេសថាមពលអគ្គិសនី គឺជាកត្តាសំខាន់ក្នុងការជ្រើសរើសទីតាំងវិនិយោគ។
ក្នុងឱកាសនេះដែរ ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍គម្រោងនេះ និងបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ក្រសួងក្នុងការគាំទ្រវិនិយោគិនដោយគាំទ្រដំណើរការបង្កើតរោងចក្រ ការអនុម័តប្លង់បច្ចេកទេសរោងចក្រ ការចេញប្រកាសដំណើរការរោងចក្រ ស្តង់ដារ ការការពារកម្មសិទ្ធិឧស្សាហកម្ម និងសេវាមន្ទីរពិសោធន៍ជាដើម។
សូមបញ្ជាក់ថា ក្រុមហ៊ុន KH HAITECH មានបំណងបង្កើតមូលដ្ឋានផលិតកម្មរបស់ខ្លួននៅកម្ពុជាដើម្បីជំរុញឧស្សាហកម្ម ៤.០ ពង្រីកការប្រើប្រាស់បច្ចេកវិទ្យាតម្លៃសមរម្យ និងគាំទ្រឧស្សាហូបនីយកម្ម ខណៈដែលកម្ពុជាកំពុងឈានឆ្ពោះទៅការចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច។









