ប៉ៃលិន៖ ស្ត្រីម្នាក់ជាមន្ត្រីសុរិយោដីខេត្តប៉ៃលិន ត្រូវបាននគរបាលខេត្តប៉ៃលិនឃាត់ខ្លួន បន្ទាប់ពីឆបោកលុយអស់រាប់ម៉ឺនដុល្លារយកទៅទិញដី និងរត់ការប្លង់ ស្រាប់តែយកទៅទិញដីដាក់ឈ្មោះខ្លួនឯង និងយកលុយនោះទៅសាងសង់ផ្ទះសំណាក់ផ្ទាល់ខ្លួនទៅវិញ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីម្ចាស់ប្រាក់ប្តឹងពាក់ព័ន្ធនឹងករណីឆបោកនេះ នគរបាលក៏បានឃាត់ខ្លួន នឹងបញ្ជូនទៅតុលាការកាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ដើម្បីដោះស្រាយតាមនីតិវិធី ។
ស្ត្រីរូបនេះឈ្មោះ រឿន ចរិយា អាយុ៣២ឆ្នាំ ជាមន្ត្រីសុរិយោដី រស់នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ធ្លាប់ជាប់ពន្ធនាគារម្តងរួចទៅហើយ កាលពីប៉ុន្មានឆ្នាំមុន ពាក់ព័ន្ធនឹងករណីដីជម្លោះដីធ្លី ។ ចំណែក ឯជនរងគ្រោះ មិនបញ្ចេញឈ្មោះ ភេទស្រី រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយត្រូវគេបោកលុយអស់ជាង២០ម៉ឺនដុល្លារ ខណ:ជនរងគ្រោះបានពឹងពាក់ឱ្យស្ត្រីឆបោកខាងលើ យកលុយទៅរកទិញដីតម្លៃជាង៣០ម៉ឺនដុល្លារ។
លុះម្ចាស់ប្រាក់ ទើបតែប្រគល់ឱ្យជាង២០ម៉ឺនដុល្លារ ដើម្បីយកទៅកក់ថ្លៃដី និងរត់ការប្លង់ ស្រាប់តែស្ត្រីខាងលើមិនដាក់ឈ្មោះម្ចាស់ប្រាក់នោះទេ ដោយដាក់ឈ្មោះខ្លួនឯងជំនួស ហើយតែងតែនិយាយកុហកម្ចាស់ប្រាក់ និងម្ចាស់ដី ដោយបង្វែរមិនឱ្យពួកគេជួបគ្នាអស់រយ:ពេលជាច្រើនខែ ហើយគេចមុខថែមទៀត លុះម្ចាស់ប្រាក់សង្ស័យក៏តាមរហូតដល់ជួបម្ចាស់ដី ទើបដឹងរឿងពិតប្រាកដ ថា ស្ត្រីជាមន្ត្រីសុរិយោដីខាងលើ ជាជនឆបោក។
ស្ត្រីជាជនរងគ្រោះបន្តទៀតថា ស្ត្រីឆបោកខាងលើ មិនត្រឹមតែយកប្រា ក់ទៅទិញដីធ្វើជាកម្មសិទ្ធិខ្លួនឯងនោះទេ ថែមទាំងយកទៅសាងសង់ផ្ទះសំណាក់មួយ យីហោ «កូឡាបប៉ៃលិន» ស្ថិតនៅក្បែរស្ពានថ្មជាប់នឹងផ្លូវជាតិលេខ៥៧ ក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដោយសាងសង់រួចរាល់អស់ហើយ ថែមទាំងជិតដំណើរការបើកសម្ពោធដាក់ឱ្យភ្ញៀវស្នាក់នៅថែមទៀតផង ។ ទោះបីជាយ៉ាងណាក៏ដោយ ម្ចាស់ប្រាក់នៅតែកើតទុក្ខមិនសុខចិត្ត គឺនឹងប្តឹងទាមទារយកលុយរបស់ខ្លួនទាំងអស់នោះមកវិញ ហើយឱ្យតុលាការចាត់ការតាមនីតិវិធី ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក សូ សុខុន ប្រធានមន្ទីរសុរិយោដីខេត្ត បានទទួលស្គាល់ថា ស្ត្រី ឈ្មោះ រឿន ចរិយា ពិតជាមន្ត្រីរបស់លោកប្រាកដមែន ដោយទទួលបន្ទុកផ្នែកលំនៅឋាន ដែលពីមុនជាមន្ត្រីផ្នែកភូមិបាលក្រុង ។ លោកបន្តទៀតថា ស្ត្រីខាងលើ ត្រូវបាននគរបាលឃាត់ខ្លួនសួរនាំ បន្ទាប់ពីមានការពាក់ព័ន្ធនឹងករណីឆបោកលុយកាក់គេអស់រាប់ម៉ឺនដុល្លារ ៕