ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អាជ្ញាធរជាតិអប្បរា សម្រេចបិទជាបណ្តោះអាសន្នការធ្វើចរាចរណ៍​ឡើងភ្នំគូលែនក្រោយពីមាន​គ្រោះថ្នាក់មនុស្សស្លាប់​ 

សៀមរាប៖ អាជ្ញាធរជាតិអប្បរា បានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី២៥ ខែកក្កដានេះតទៅ ការធ្វើចរាចរណ៍ឡើងភ្នំគូលែនត្រូវបានបិទទាំង ស្រុងចាប់ពីចំណុចផ្លូវឡើងក្នុងស្រុកស្វាយលើរហូតដល់ភូមិតាពេញ។ការធ្វើចរាចរណ៍ឡើង វិញនឹងត្រូវជូនដំណឹង​រហូតដល់ផ្លូវឡើងភ្នំនេះស្ថាបនារួចរាល់។

យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរអប្សារាចុះថ្ងៃទី២៤ ខែកក្កដា នេះបានបញ្ជាក់ថា   ក្រុមការងារបច្ចេកទេសចម្រុះដែលមានសមាសភាពមកពី សាលាខេត្តសៀម​រាប មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីរបរិស្ថានខេត្ត មន្ទីរទេសចរណ៍ខេត្ត សៀមរាប ក្រុមហ៊ុនទ្រី ភាព គ្រុប នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យនៃ អាជ្ញាធរជាតិអប្សរា សាលាស្រុកស្វាយលើ បានសង្កេតឃើញថា មានផ្នែកមួយចំនួននៃផ្លូវ មិនទាន់មានសុវត្ថិភាពក្នុងការធ្វើចរាចរណ៍នៅឡើយទេ និងចំណែកទីតាំងមួយចំនួននៅមានគ្រាប់ក្រួសដែលអាចបណ្តាលឱ្យរថយន្តក្នុងស្ថានភាពចុះចំណោតងាយរអិល ចំណុចបត់កោង មួយចំនួនទៀតមានសភាពតូចចង្អៀត និងមិនទាន់បានធ្វើជម្រាលសុវត្ថិភាពនៅឡើយ។

សេចក្ដីជូនដំណឹងដដែលបានបង្ហាញថា ការបិទធ្វើចរាចរណ៍ផ្លូវនេះដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ ដោយក្រុមការងារសម្រេចបិទផ្លូវនេះទាំង ស្រុងចាប់ពីចំណុចផ្លូវឡើងពីស្រុកស្វាយលើ រហូតដល់ភូមិតាពេញ ទាល់តែផ្លូវនេះស្ថាបនារួចរាល់ជាស្ថាពរ លើកលែងតែប្រជាពលរដ្ឋ ដែលរស់នៅលើខ្នងភ្នំគូលែនដែលមានលិខិតឆ្លងកាត់ផ្លូវបញ្ចាក់ពីអាជ្ញាធរមូលដ្ឋានប៉ុណ្ណោះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែកក្កដាកន្លងទៅ មានរថយន្តដឹកអ្នកដំណើរធុនធំបានក្រឡាប់បង្កឱ្យមានអ្នករងរបួសរហូត១២នាក់ នៅចំណុចផ្លូវកោងចុះចំណោត។ ក្រោយមក នៅថ្ងៃទី២១ ខែកក្កដា ​រថយន្ដ​ម៉ាក​សាំយ៉ុងមួយគ្រឿង​បានក្រឡាប់នៅតាមបណ្ដោយផ្លូវចុះពីភ្នំគូលែន ដែលកំពុងស្ថាបនាថ្មីស្ថិតនៅចំណុចភូមិតាពេញ ឃុំខ្នងភ្នំ បណ្ដាលឱ្យភ្ញៀវទេសចរជនជាតិចិន ២នាក់ស្លាប់ និង១១នាក់ទៀតរងរបួសធ្ងន់ និងស្រាល៕