ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ ស្នើរឲ្យមន្រ្តីជំនាញ ទប់ស្កាត់លើអាជីវកម្មទទួលបញ្ចាំ និងអាជីវកម្មខ្នាតតូច ដែលមិនមានច្បាប់

 

ភ្នំពេញ៖ លោក ម៉ី វ៉ាន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងនៅក្នុងកិច្ចប្រជុំពិភាក្សា លើការគ្រប់គ្រង និងដោះស្រាយរាល់បញ្ហាប្រឈមពាក់ព័ន្ធនឹងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគ ដោយអនុប្បទាន ខ្នាតតូច នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ។

លោក ម៉ី វ៉ាន់ បានបញ្ជាក់ថា បច្ចុប្បន្នទីផ្សារបញ្ចាំបានរីកធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ ដូចនេះទាមទាឲ្យយើងដែលជាបញ្ញត្តិករ និងជាអាណាព្យាបាល ត្រូវតែគ្រប់ គ្រងឲ្យបានច្បាស់លាស់ ជាពិសេសត្រូវបម្រើសេវាសាធារណៈបានល្អប្រសើរ ដោយទុកប្រជាពលរដ្ឋគឺជាដៃគូ និងជាមិត្តភ័ក្រល្អផងដែរ ។

ដើម្បីអនុវត្តន៍ការងារនេះឲ្យមានតម្លាភាពលោកបានស្នើឲ្យអង្គប្រជុំឲ្យយកចិត្តទុកដាក់ ចំពោះអាជីវកម្មទាំងឡាយណាដែលមិនទាន់មានច្បាប់ត្រឹមត្រូវ និងត្រូវមានវិធានការបន្ទាន់ ដើម្បីទប់ស្កាត់លើបញ្ហានេះឲ្យមានប្រសិទ្ធភាព ជាពិសេសបណ្តាខេត្តមួយចំនួនដែលមិនទាន់មានភាពសកម្មក្នុងកិច្ចការងារនេះ ។

សូមបញ្ជាក់ថា នៅក្នុងអង្គប្រជុំនេះ បានពិភាក្សា លើការគ្រប់គ្រង និងដោះស្រាយរាល់បញ្ហាប្រឈមពាក់ព័ន្ធនឹងអាជីវកម្មទទួលបញ្ចាំ នៃអនុប្បទានខ្នាតតូច ដែលក្រសួងបានធ្វើប្រតិភូកម្មជូនមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត នឹងមានការចូលរួមពីតំណាង ក្រសួងពាណិជ្ជកម្ម តំណាងអគ្គលេខាធិការដ្ឋាននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអគ្គនាយកដ្ឋានពន្ធដារ តំណាងអគ្គនាយកដ្ឋារតនាគារជាតិ និងតំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីខេត្ត ទូទាំងប្រទេស៕