ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឱកាសការងារជាង ៨ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. កម្មវិធី TVET និងឯកសារតម្រង់ទិសការងារ ត្រូវបានផ្សព្វផ្សាយជូនអតីតពលករ និងសិស្សទើបប្រឡងបាក់ឌុបដល់មូលដ្ឋានក្នុងស្រុកបារាយណ៍

(កំពង់ធំ)៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារចំនួន ៨ ២០០កន្លែង អត្ថប្រយោជន៍ ប.ស.ស. កម្មវិធី TVET និងឯកសារតម្រង់ទិសការងារសំខាន់ៗ ផ្សព្វផ្សាយជូនប្រជាពលរដ្ឋដល់មូលដ្ឋានប្រមាណជាង ៤០០នាក់ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ យុវជនរកការងារធ្វើ និងសិស្សទើបប្រឡងបាក់ឌុបរួច នៅបរិវេណសាលាស្រុកបារាយណ៍ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។
ថ្លែងក្នុងវេទិកាក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ឯកឧត្តម ជា កុសល រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា ឱកាសការងារទាំងជាង ៨ពាន់កន្លែងនេះគឺស្ថិតក្នុងចំណោមឱកាសការងារជាង ៩ម៉ឺនកន្លែងនៅទូទាំងប្រទេស ដែលបងប្អូនអាចចុះឈ្មោះ សម្ភាស និងទទួលបានការងារភ្លាមៗ។ ឯកឧត្តមគូសបញ្ជាក់ថា ការងារគ្រប់ប្រភេទសុទ្ធតែមានតម្លៃ ដែលជាក់ស្តែងការងារក្នុងស្រុកនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជួយកសាងសេដ្ឋកិច្ចជាតិដោយផ្ទាល់ និងផ្តល់សុភមង្គលក្នុងគ្រួសារ។ ក្រៅពីប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជាច្រើន បងប្អូនក៏ទទួលបានអត្ថប្រយោជន៍ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ប៉ុន្តែការងារចំណាកស្រុកនៅប្រទេសថៃប្រឈមហានិភ័យសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ខ្វះការគាំពារសុខភាព ការរើសអើង និងរស់នៅមិនជួបជុំក្រុមគ្រួសារ។
ទន្ទឹមនេះ បងប្អូនដែលមានជំនាញស្រាប់ផ្នែកសំណង់ ប៉ុន្តែមិនទាន់មានវិញ្ញាបនបត្របញ្ជាក់ ក្រសួងក៏បានដាក់ឱ្យអនុវត្តការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន ដើម្បីឱ្យបងប្អូនទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញជាផ្លូវការផងដែរ។ លើសពីនេះ បងប្អូន ឬសិស្សទើបប្រឡងបាក់ឌុបរួចក៏អាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃនូវវគ្គបណ្ដុះបណ្ដាលជំនាញជាច្រើន តាមរយៈកម្មវិធី TVET ១,៥លាន ដែលរួមមានទាំងចំណេះដឹង និងជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។
ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យបងប្អូនជួយបន្តផ្សព្វផ្សាយពីឱកាសការងារ អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ព្រមទាំងស្កែន QR កូដរបស់ក្រសួងសម្រាប់ទទួលបានព័ត៌មានពាក់ព័ន្ធការងារ ឬឯកសារតម្រង់ទិសការងារ ហើយបើចង់សាកសួរព័ត៌មានបន្ថែម សូមទាក់ទងលេខ Hotline ១២៩៧ សម្រាប់ព័ត៌មានពីឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស. ។
សូមបញ្ជាក់ថា ឱកាសការងារទាំងនោះ រួមមានការជ្រើសរើសបុគ្គលិកដោយ រោងចក្រ សាន ហ្វេង (ខេមបូឌា) ខមភេនី លីមីធីត, រោងចក្រ ស៊ិនគី អឹភែរឹល (ខេមបូឌា) ,ក្រុមហ៊ុនបៀនហៀក អ៉ិនវេសវេន ខូអិលធីឌី , ក្រុមហ៊ុនស៊ី.អ .ស៊ី.ខេ ២ កំពង់ធំអភិវឌ្ឍន៍កៅស៊ូ, ក្រុមហ៊ុនហ្គោល ហ្វ័យសុន ខេមបូឌា,ក្រុមហ៊ុនស៊ី.ស៊ី.វី ខូអិលធីឌី,និង ក្រុមហ៊ុន មង្គល អេចអរ សម្រាប់ការជ្រើសរើសកម្លាំងពលកម្មទៅបម្រើការងារនៅប្រទេសជប៉ុន៕