ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ដេច​ក្រឡាហោម​ ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​កម្ពុជា​ អញ្ជើញ​ដល់ទីក្រុង​អង់កា​រ៉ា​ 

កាលពី​​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៩​នេះ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​កម្ពុជា​ អញ្ជើញ​ដល់​ ទីក្រុង​អង់កា​រ៉ា​ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ដើម្បី​ពង្រឹង​មិត្តភាព​ និង​ កិច្ច​សហប្រតិបត្តិការ​រវាង​សាធារណរដ្ឋ​តួ​ក​គី​ និង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នៅ​ពេល​អញ្ជើញ​ដល់ទី​ក្រុង​អង់កា​រ៉ា​ ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដោយ​លោក​ Tayyip​ Sabri​ Erdil​ អនុរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ដែល​តំណាង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​និង​ប្រធានាធិបតី​ នៃ​សាធារណរដ្ឋ​តួ​ក​គី​។​

​ លោក​ Tayyip​ Sabri​ Erdil​ បាន​សម្តែង​សេចក្តី​សប្បាយ​រីករាយ​ និង​បាន​មាន​ប្រសាសន៍​បញ្ជាក់​ផង​ដែរ​ថា​ ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ និង​ គណប្រតិភូ​នា​ពេល​នេះ​ នឹង​ទទួល​បាន​ជោគជ័យ​ប្រកបដោយ​ផ្លែផ្កា​ ដោយ​ស្រប​តាម​គោលការណ៍​ របស់​ប្រមុខ​ដឹកនាំ​ប្រទេស​ទាំង​ពីរ​ គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជាមួយនឹង​ប្រធានាធិបតី​ សាធារណរដ្ឋ​តួ​ក​គី​ នា​ពេល​កន្លង​មក​។​

​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ក៏​បាន​មាន​ប្រសាសន៍​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម​ SULEYMAN​ SOYLU​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៃ​សាធារណរដ្ឋ​តួ​ក​គី​ ដែល​បាន​អញ្ជើញ​គណៈប្រតិភូ​កម្ពុជា​មក​បំពេញ​ទស្សនកិច្ច​នា​ពេល​នេះ​ ហើយ​បញ្ជាក់​ថា​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ក្រសួងមហាផ្ទៃ​កម្ពុ​ជានា​ពេល​នេះ​ ក៏​ជា​បង្ហាញ​ពី​ការ​ពង្រឹង​មិត្តភាព​ និង​ កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ ជា​ពិសេស​គឺ​វិស័យ​សន្តិសុខ​ និង​ សណ្តាប់ធ្នាប់​សាធារណៈ​ស្រប​តាម​គោលការណ៍​ឯកភាព​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។​

​ដំណើរ​ទស្សនកិច្ច​របស់​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៅ​ពេល​នេះ​គឺ​ គ្រោង​នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ SULEYMAN​ SOYLU​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៃ​សាធារណរដ្ឋ​តួ​ក​គី​ និង​អញ្ជើញ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សន្តិសុខ​ រវាង​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ នៅ​ថ្ងៃ​អង្គា​រ៍​ ទី​៣០​ ខែកក្កដា​ ​នេះ​ ៕​