ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ចិន និងអាមេរិក ចាប់ផ្តើមចរចាសាជាថ្មីស្តីពីសង្គ្រាមពាណិជ្ជកម្ម

ប្រព័ន្ធផ្សព្វផ្សាយ CNN បានចុះផ្សាយថា ក្រុមតំណាងរបស់ប្រទេសចិន និងសហរដ្ឋអាមេរិក បានចាប់ផ្តើមចរចាសាជាថ្មី នៅថ្ងៃពុធ ទី៣១ ខែកក្កដានេះ នៅទីក្រុង សៀងហៃ ប្រទេសចិន ដើម្បីស្វែងរកកិច្ចព្រមព្រៀងថ្មីផ្នែកពាណិជ្ជកម្មនៃប្រទេសមហាអំណាចទាំងពីរ ។

ភាគីខាងសហរដ្ឋអាមេរិក ដឹកនាំដោយលោក Robert Ligthizer តំណាងផ្នែកពាណិជ្ជកម្ម និងលោក Steven Mnuchin រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក ហើយខាងភាគីចិន ដឹកនាំដោយលោក Lui He ឧបនាយករដ្ឋមន្ត្រីចិន និងលោក Zhong Shan រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន ។

សូមបញ្ជាក់ថា មូលហេតុដែលនាំឲ្យក្រុមតំណាងរបស់ប្រទេសចិន និងអាមេរិកជួបចរចារកកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី គឺដោយសារប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ យល់ឃើញថា កិច្ចព្រមព្រៀងចាស់រវាងចិន និងអាមេរិក មិនមានតម្លាភាព និងមានឱនភាពខ្លាំងលើផ្នែកពាណិជ្ជកម្ម ដោយចិនបាននាំចូលអាមេរិកក្នុងតម្លៃទឹកប្រាក់ជាង៥០០ពាន់លានដុល្លារក្នុងមួយឆ្នាំ តែអាមេរិកនាំចូលចិនតែតម្លៃជាង១០០ពាន់លានដុល្លារតែប៉ុណ្ណោះ ៕