លោក Yoshihide Suga រដ្ឋមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រីរបស់ប្រទេសជប៉ុនបាននិយាយក្នុងសន្និសិទសារព័ត៌មាននៅថ្ងៃចន្ទ ទី០៥ ខែសីហានេះថា លោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីនៅខែក្រោយនេះ ដែលនេះបើតាមការចុះផ្សាយរបស់ Reuters ។
លោក Yoshihide Suga បានបន្ថែមថា ដំណើរទស្សនកិច្ចរបស់លោក អាបេ ទៅកាន់រុស្ស៊ី ត្រូវបានធ្វើឡើងក្រោយពីនាយករដ្ឋមន្ត្រីរបស់ប្រទេសរុស្ស៊ី លោក Dmitry Medvedev ធ្វើដំណើរទស្សនកិច្ចមកកាន់ជប៉ុន ។
សូមបញ្ជាក់ថា ការផ្លាស់ប្តូរដំណើរទស្សនកិច្ចនៃនាយករដ្ឋមន្ត្រីជប៉ុន និងរុស្ស៊ី ត្រូវបានធ្វើឡើងក្នុងគោលដៅសម្រាលភាពតានតឹងរវាងប្រទេសទាំងពីរ ពាក់ព័ន្ធនឹងជម្លោះដណ្តើមដីកោះ គូរីល (Kuril) និងកោះផ្សេងទៀត ៕