ស្វាយរៀង៖ ប្រជាពលរដ្ឋ៤ភូមិនៅ ឃុំប្រសូត្រ ស្រុកស្វាយទាប និងឃុំញរ ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង បានអំពាវនាវដល់អាជ្ញាធរស្រុក-ខេត្ត មេត្តាជួយអន្តរាគមន៍ដោះស្រាយរឿងក្រុមហ៊ុនចិនចាក់ដីលុបអូរបុរាណ និងបិទផ្លូវទឹកបិទលូរ ធ្វើឲ្យទឹកជន់លិចស្រូវរបស់ប្រជាពលរដ្ឋជាង៣០០ហិកតា។
កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ លោក មាឃ សេងហាន អាយុ៨១ឆ្នាំតំណាងឲ្យប្រជាពលរដ្ឋក្នុងភូមិអង្គតាមោគ ឃុំប្រសូត ស្រុកស្វាយទាបបានប្រាប់ឱ្យក្រុមអ្នកសារព័ត៍មានថា ក្រុមហ៊ុនចិនបានទិញដីពីប្រជាពលរដ្ឋប្រហែលជិតខែនេះ ក្រុមហ៊ុនចិនបានដឹកដីយកមកចាក់លុបអូរបិតលូរដែលជាផ្លូវទឹកធ្វើឲ្យទឹកជន់លិចលំនៅឋាន និងលិចស្រូវប្រជាពលរដ្ឋភូមិអង្គតាមោគ អស់៨៧ហិកតាលិចស្រូវប្រជាពលរដ្ឋភូមិព្រៃទួល និងភូមិទួលតាយឹង អស់១០០ហិកតា ។
ចំណែកលោក នួន សុផល អាយុ៧០ឆ្នាំ នៅភូមិត្រពាំងឆ្លូញ ឃុំញរ ស្រុកកំពង់រោទ៌ បានឲ្យដឹងថា នៅភូមិត្រពាំងឆ្លូញលិចអស់ជិត២០០ហិកតា ។
ប្រជាពលរដ្ឋនិយាយទៀតថា៖ អូរបុរាណនេះចាស់បុរាណហៅថា «អូរដំរីឆ្លង» ដែលនាំទឹកក្នុងរដូវវស្សា ទៅអូរក្រញូងឆ្ពោះទៅព្រែកបាយ៉ាប ទន្លេវ៉ៃគោ ហើយបើចាក់លុបអូរដំរីឆ្លងនេះគឺ ប៉ះពាល់ប្រជាពលរដ្ឋ៤ភូមិ។
ចំណែកលោក អ៊ុក ប៉ាក មេឃុំប្រសូត្របានឲ្យដឹងថា លោកបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋរយៈពេល១៥ថ្ងៃមកហើយ គឺថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ លោកក៏បានទៅសុំឲ្យក្រុមហ៊ុនចិន និងពួកគោកជេដីផ្អាកការចាក់ដីនោះសិន ក៏ប៉ុន្តែតំណាងក្រុមហ៊ុនចិនមិនព្រមផ្អាក លោក(មេឃុំ)ក៏បានរាយការណ៍ជូនលោកអភិបាលស្រុកស្វាយទាប អោយដោះស្រាយក៏ប៉ុន្តែក្រុមចិនមិនស្តាប់បានឲ្យលោកអភិបាលស្រុកទៅ ជួបលោកអភិបាលខេត្តទៅ ពីព្រោះក្រុមហ៊ុនគេចាក់ដីលើដីរបស់គេទិញ ទោះប៉ះពាល់យ៉ាងណាក្រុមហ៊ុនមិនដឹងទេ។
ប្រជាពលរដ្ឋសូមអំពាវនាវ ឲ្យអាជ្ញាធរខេត្តមេត្តាជួយអន្តរាគមន៍ដោះស្រាយឲ្យក្រុមហ៊ុនចិនកាយបង្ហូរ ផ្លូវទឹកឡើងវិញ ដើម្បីពួកគាត់បានព្រោះស្រូវឲ្យទាន់រដូវ ហើយបើគ្មានការដោះស្រាយទេប្រជាពលរដ្ឋទាំង៤ភូមិប៉ះពាល់ដល់ជីវភាពយ៉ាងធ្ងន់ធ្ងរ មាន ភូមិអង្គតាមោគ ភូមិព្រៃទួល, ភូមិទួលតាយឹង ឃុំប្រសូត្រ ស្រុកស្វាយទាប និងភូមិត្រពាំងឆ្លូញ ឃុំញរ ស្រុកកំពង់រោទ៌៕