ភ្នំពេញ៖ លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះហន្តរាយ បានប្រាប់បណ្តាញសាព័ត៌មាន នៅរសៀលថ្ងៃទី១៣ ខែសីហានេះថា ជំនន់ទឹកភ្លៀងបានវាយប្រហារបណ្តាខេត្តជាច្រើន ប៉ុន្តែ តួលេខផលប៉ះពាល់ធ្ងន់ធ្ងរជាងគេចំនួន ៦ខេត្ដ ក្នុងនោះ ២ខេត្ដនៅតំបន់ភាគឦសាន គឺខេត្ដរតនគិរី និងមណ្ឌលគិរី និងខេត្ដជាប់សមុទ្រ ៤ទៀត គឺខេត្តព្រះសីហនុ កោះកុង កំពត និងខេត្ដកែប។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែសីហា ខេត្តជាប់មាត់សមុទ្រ ពិសេសខេត្តព្រះសីហនុ និងកោះកុង រួមទាំងខេត្តជាប់ព្រំដែនវៀតណាម នឹងមានភ្លៀងធ្លាក់ខ្លាំងបង្កជាជំនន់ទឹកភ្លៀង ព្រោះតំបន់ទាំងនោះ ត្រូវរងឥទ្ធិពលព្យុះ និងខ្យល់មូសុងនិរតី។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។
លោក កែវ វី បានឲ្យដឹងទៀតថា ខេត្ដទាំង ៦នោះមានពលរដ្ឋរងផលប៉ះពាល់ចំនួន ៦ ៣០០គ្រួសារ ភាគច្រើនប៉ះពាល់ខ្លាំង គឺនៅក្នុងខេត្តព្រះសីហនុ ខេត្ដកំពត និងខេត្ដរតនគិរី ក្នុងនោះសមត្ថកិច្ចបានជម្លៀសពលរដ្ឋចំនួន ១ ០០០គ្រួសារ ទៅទីទួលសុវត្ថិភាព រងគ្រោះស្លាប់ចំនួន ៤នាក់ ខូតខាតដំណាំស្រូវជាង ៣ ៥០០ហិកតា រួមទាំងខូតខាតទ្រព្យសម្បត្ដិ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងសាលារៀនមួយចំនួនទៀត៕