ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អភិបាលរាជធានីខេត្ត ត្រូវជំរុញ និងបង្កើនប្រសិទ្ធភាពនៃការសម្រុះសម្រួល និងដោះស្រាយបញ្ហាទំនាស់ដីធ្លី និងការទន្ទ្រានមិនស្របច្បាប់ ដើម្បីកាន់កាប់ដីធ្លី នៅតាមរាជធានីខេត្ត។ សេចក្តីណែនាំជាលាយលក្ខណ៍អក្សរនេះ ត្រូវបានសម្តេចក្រឡាហោម ស ខេង ធ្វើឡើង ដោយយោងតាមការចាំបាច់។
ក្នុងលិខិត ៣ ទំព័រ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ជូនអភិបាលរាជធានីខេត្ត បានលើកឡើងថា កន្លងមក ក្រសួងមហាផ្ទៃ បានកត់សម្គាល់ឃើញថា បញ្ហាទំនាស់ដីធ្លីមួយចំនួន នៅតាមរាជធានី ខេត្ត ដែលបានកើតឡើងជាច្រើនឆ្នាំមកហើយ តែមិនទាន់បានសម្រុះសម្រួល និងដោះស្រាយឲ្យបានចប់ជាស្ថាពរនៅឡើយ។ ករណីខ្លះ ប្រជាពលរដ្ឋ ដែលមានបញ្ហាទំនាស់ដីធ្លីទាំងនោះ បានមកប្រមូលផ្តុំគ្នាតវ៉ា និងសុំដាក់ញត្តិជូនស្ថាប័នកំពូលរបស់ជាតិ និងក្រសួងពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ជាពិសេសបានដាក់ញ្ញត្តិស្នើសុំការអន្តរាគមន៍ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យជួយដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់។
លិខិតដដែល បញ្ជាក់ថា នៅមុនពេលបោះឆ្នោតម្តងៗ ក្រុមឱកាសនិយមមួយចំនួន តែងតែឆ្លៀតធ្វើសកម្មភាពរំលោភទន្ទ្រានកាន់កាប់ដីសាធារណៈ ដីព្រៃឈើ និងដីធ្លី ដែលមានម្ចាស់គ្រប់គ្រងផងដែរ។ ដូច្នេះ ដើម្បីជំរុញ និងបង្កើនប្រសិទ្ធភាពនៃការសម្រុះសម្រួល និងដោះស្រាយបញ្ហាទំនាស់ដីធ្លី នៅតាមរាជធានីខេត្ត ការបង្ការទប់ស្កាត់ការចូលទន្ទ្រាន មិនស្របច្បាប់ ដើម្បីកាន់កាប់ដីធ្លី សំដៅពង្រឹងនីតិរដ្ឋ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ ជាពិសេសចាប់ពីពេលនេះ រហូតដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំដល់រដ្ឋបាលរាជធានីខេត្ត ដូចខាងក្រោម៖
ត្រូវប្រើប្រាស់យន្តការដោះស្រាយទំនាស់ដីធ្លី ដែលមានស្រាប់ នៅថ្នាក់រាជធានីខេត្ត ត្រូវអប់រំ ណែនាំ និងបកស្រាយបំភ្លឺអំពីស្ថានភាពនៃការកាន់កាប់ដីធ្លី ស្ថានភាពទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ និងឆន្ទះរបស់រាជរដ្ឋាភិបាលក្នុងការប្រឹងប្រែងដោះស្រាយជម្លោះ ឬការទាមទារតវ៉ាអំពីបញ្ហាដីធ្លី ត្រូវបង្កើនការតាមដាន និងគ្រប់គ្រងសភាពការណ៍វិវត្តន៍ពាក់ព័ន្ធនឹងទំនាស់ដីធ្លី នៅតាមខេត្តនីមួយៗឲ្យបានហ្មត់ចត់ ត្រូវណែនាំដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចឲ្យរក្សាបាននូវភាពអត់ធ្មត់ នៅក្នុងការបំពេញការងារពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លី ឬការទាមទារតវ៉ានានារបស់ប្រជាពលរដ្ឋអំពីបញ្ហាដីធ្លី ដើម្បីបញ្ជៀសបាននូវអំពើហិង្សា ជាដើម៕