ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹង នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នេះថា កម្ពស់ទឹកទន្លេមេគង្គ នៅខេត្តស្ទឹងត្រែង ក្រចេះ និងនៅខេត្តកំពង់ចាម បានស្រកចុះ បើធៀបនឹងថ្ងៃទី១៣សីហា។ ចំណែកកម្ពស់ទឹកនៅទន្លេបាសាក់-ចតុមុខ ទឹកឡើង ០,០១ ម៉ែត្រ នៅអ្នកលឿង ទឹកនឹង ហើយនៅទន្លេបាសាក់-កោះខែល ក្នុងខេត្តកណ្តាល ទន្លេសាប-ព្រែកក្តាម និងបឹងទន្លេសាប-កំពង់លួង ទឹកឡើងតិចតួច នៅថ្ងៃទី១៤សីហានេះ។
ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍កម្ពស់ទឹក សម្រាប់ថ្ងៃទី១៥-១៦សីហា ឆ្នាំ២០១៩ គឺទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប នឹងស្រកចុះ រហូតដល់ថ្ងៃទី១៧សីហា លើកលែងតែនៅទន្លេមេគង្គ-ស្ទឹងត្រែង នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ កម្ពស់ទឹកឡើងតិចតួច។
ជាការកត់សម្គាល់ ទឹកទន្លេ នៅឆ្នាំនេះ ស្ថិតនៅកម្រិតទាបបំផុត បើធៀបនឹងឆ្នាំមុន។ ពោលគឺទឹកតូច មិនទាន់ចូលព្រែក បឹង និងមិនទាន់សាយវាលនៅឡើយទេ មកដល់ខែនេះទៅហើយ៕