ភ្នំពេញ៖ ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្នើរឲ្យសមាជិកសមាជិកា ស.ស.យ.ក ប្រចាំក្រសួង-ស្ថាប័ន និងនៅតាមបណ្តារាជធានី-ខេត្តទាំងអស់ ត្រូវបំពេញការងារប្រចាំថ្ងៃឲ្យបានល្អ និងការពង្រឹងនូវសាមគ្គីភាព ជាពិសេសត្រូវសហការជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដើម្បីជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ ។
លោក ហ៊ុន ម៉ានី បានលើកឡើងបែបនេះនៅក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ។
លោកប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានឲ្យដឹងថា យុវជននៅតាមក្រសួង-ស្ថាប័ន និងនៅតាមបណ្តារាជធានី-ខេត្ត ត្រូវចេះប្រមូលផ្តុំរួម សហការសម្រាប់ការងារប្រចាំថ្ងៃឲ្យល្អ និងត្រូវចេះចែករំលែកចំណេះ បទពិសោធន៍ ការសាមគ្គីភាពជាធ្លុងមួយ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រៅពីនេះយុវជនត្រូវចូលរួមជាមួយការងារសង្គមផ្សេងៗទៀត ជាពិសេសត្រូវសហការជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដើម្បីជួយកិច្ចការងារដែលអាចធ្វើបាន ការជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាក ជាពិសេសជួយជនរងគ្រោះ និងងាយរងគ្រោះ ដែលពួកគេកំពុងជួបបញ្ហានៅក្នុងសង្គម ។
លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានផ្តាំផ្ញើរដល់សហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំក្រសួង ត្រូវចង់ចាំជានិច្ចនូវបុព្វហេតុនៃស្មារតី ២ធ្នូ, ការរក្សាភាពសាមគ្គីគ្នា, អនុវត្តន៍សមូហភាពដឹកនាំ និងទទួលខុសត្រូវ គោរពតាមលក្ខខន្តកៈនៃសហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវប្រមូលផ្តុំចូលរួមរាល់សកម្មភាពរបស់ក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា និងសហភាពសហព័ន្ធយុវជនរបស់ក្រសួង ដើម្បីកិច្ចអភិវឌ្ឍន៍សង្គម ជាពិសេសចូលរួមជម្រុញវិស័យរ៉ែ ប្រេងកាត និងថាមពលរបស់ជាតិយើង ។
លោកហ៊ុន ម៉ានី បានបញ្ជាក់ថា ពាក់ព័ន្ធការងាររបស់យុវជននាពេលកន្លងមក សហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមជាមួយកិច្ចការសង្គមយ៉ាងច្រើន ជាពិសេសយុវជនបានធ្វើឲ្យពិភពលោក ស្គាល់កម្ពុជាកាន់តែច្រើន តាមរយៈការចូលរួមមហាសាមគ្គី នែការបំបែកនូវ ឯកត្តកម្មដូចជា នំអន្សមយក្ស ការតម្បាញក្រមាវែងជាងគេនៅលើពិភពលោក និងតាមរយៈនៃការគៀងគរយុវជនដោយស្ម័គ្រចិត្ត ឲ្យចូលរួមការបរិច្ឆាឈាមដើម្បីជួយសង្គម ៕