ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រី ថោង ខុន ថា ៖ រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរពាក់ព័ន្ធបន្តរួមគ្នាអភិវឌ្ឍន៍គោលដៅទេសចរណ៍ប្រកបដោយប្រសិទ្ធភាព

 

សៀមរាប៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានផ្តល់អនុសាសន៍ដល់ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តរួមគ្នាអភិវឌ្ឍន៍គោលដៅទេសចរណ៍សៀមរាប-អង្គរ ប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងការទទួលខុសត្រូវខ្ពស់។

លោករដ្ឋមន្ត្រីមានប្រសាសន៍បែបនេះនៅក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍គោលដៅទេសចរណ៍សៀមរាប-អង្គរ នៅសាលាខេត្តសៀមរាប ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ដោយមានការចូលរួមពីលោក អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប លោក សុខ សង្វា អគ្គនាយករងអាជ្ញាធរជាតិអប្សរា សមាជិកគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប មន្ត្រីរាជការ និងផ្នែកពាក់ព័ន្ធមួយចំនួន។

លោក ថោង ខុន បានស្នើដល់អាជ្ញាធរក្រុងសៀមរាប ត្រូវខិតខំរំដោះចិញ្ចើមផ្លូវក្នុងទីក្រុង ដោយទុកចិញ្ចើមផ្លូវក្នុងទីក្រុងនេះសម្រាប់ឱ្យទេសចរដើរកម្សាន្ត និងទិញទំនិញឱ្យបានស្រួលបួល។ ជាមួយគ្នានោះ លោកបានណែនាំបន្ថែមដល់រដ្ឋបាលខេត្ត និងក្រុងសៀមរាប អាជ្ញាធរជាតិអប្សរា និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់បន្តរួមគ្នាជំរុញដោះស្រាយនូវបញ្ហាមួយចំនួន ។

ត្រូវខិតខំបន្តជួសជុលផ្លូវក្នុងទីក្រុងឱ្យបានច្រើន រៀបចំដាក់ភ្លើងបំភ្លឺតាមផ្លូវធ្វើដំណើរឱ្យបានល្អ ប្រកបដោយសោភ័ណភាព ពង្រឹងសណ្ដាប់ធ្នាប់របៀបរៀបរាយសាធារណៈ ចរាចរណ៍ធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដោយត្រូវរៀបចំគូសវាសទិសដៅចរាចរណ៍ក្នុងទីក្រុងឱ្យបានល្អ បញ្ជៀសការកកស្ទះ ព្រមទាំងជំរុញការរៀបចំចំណតរថយន្តថ្មីឱ្យបានរហ័ស។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា បញ្ហាសន្តិសុខ និងសុវត្ថិភាពទេសចរជាបញ្ហាចម្បង និងជាគ្រឹះមូលដ្ឋានក្នុងការអភិវឌ្ឍតំបន់សៀមរាប-អង្គរ ដែលទាំងអស់គ្នាត្រូវខិតខំបន្តពង្រឹងឱ្យបានល្អបន្ថែមទៀត។ ហើយត្រូវរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ដែលបាននិងកំពុងជំរុញយ៉ាងសកម្ម ដែលនឹងអាចបញ្ចប់នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ៕