អ្នកនាំពាក្យក្រសួងការបរទេសរបស់ចិន លោក Geng Shuang បាននិយាយថា ចិនកំពុងពិចារណាពីការដាក់ទណ្ឌកម្មលើសហគ្រាសផលិតអាវុធរបស់សហរដ្ឋអាមេរិក ដែលលក់គ្រឿងសព្វាវុធឲ្យទៅកោះតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយរបស់ RT ។
លោក Geng Shuang បានបន្ថែមថា សហគ្រាសផលិតអាវុធរបស់សហរដ្ឋអាមេរិក បានរំលោភបំពានលើច្បាប់អន្តរជាតិ និងរំលោភបំពានលើកិច្ចព្រមព្រៀងមិនជ្រៀតជ្រែក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ដែលមេដឹកនាំអាមេរិកបានចុះហត្ថលេខារួចហើយ ។
ការគម្រាមដាក់ទណ្ឌកម្មលើសហគ្រាសផលិតអាវុធអាមេរិកពីចិន ត្រូវបានធ្វើឡើងក្រោយពីអាមេរិក បានសម្រេចលក់រថក្រោះ មីស៊ីលដាក់លើស្មាបាញ់រថក្រោះ និងគ្រឿងសព្វាវុធផ្សេងទៀត ក្នុងតម្លៃទឹកប្រាក់២.២ពាន់លានដុល្លារឲ្យទៅកោះតៃវ៉ាន់ កាលពីត្រីមាសទីពីរនៃឆ្នាំ២០១៩នេះ និងកំពុងពិចារណាពីការលក់យន្តហោះចម្បាំង F-16 ក្នុងតម្លៃ៨ពាន់លានដុល្លារឲ្យទៅកោះតៃវ៉ាន់ថែមទៀត ៕