ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទំហំទឹកប្រាក់វិនិយោគពាណិជ្ជកម្មជប៉ុនកើនឡើងជិត៥០០លានដុល្លារអាមេរិក

ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ  អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ទំហំវិនិយោគពាណីជ្ជកម្មជប៉ុនកើនឡើងជិត៥០០លានដុល្លារអាមេរិក ខណៈដែលកម្ពុជានាំចេញទៅកាន់ប្រទេសជប៉ុន មានទំហំទឹកប្រាក់ជាង១៧០០ លានដុល្លារអាមេរិកផងដែរ។

លោកអគ្គបណ្ឌិតសភាចារ្យ បានបញ្ជាក់បែបនេះនៅក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា របស់លោកHidehisa HORINOUCHI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំកម្ពុជា កាលពីពេលកន្លងទៅថ្មីៗនេះ ។

លោក Hidehisa HORINOUCHI ឯកអគ្គរដ្ឋទូតជប៉ុន បានសម្តែងនូវសេចក្តីសោមនស្ស និងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងរីកចម្រើនស្ទើរគ្រប់វិស័យ ។

លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន នឹងបន្តពង្រឹង និងពង្រីកទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា រួមទាំងបន្តគាំទ្រផ្នែកហិរញ្ញវត្ថុ និងផ្នែកបច្ចេកទេស ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍ វិនិយោគសាធារណៈ និង ឯកជននានានៅកម្ពុជា

សូមបញ្ជាក់ថា រយះពេលកន្លងទៅ កម្ពុជា-ជប៉ុន បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ មានទឹកប្រាក់សរុបប្រមាណជាង ៥៥០ លានដុល្លារអាមេរិក ក្នុងនោះ ហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់ប្រមាណជិត ១៥០លានដុល្លារអាមេរិក សម្រាប់គាំទ្រលើវិស័យជាច្រើនរួមមាន ៖

ផ្លូវ, ស្ពាន, ការផ្គត់ផ្គង់ទឹកស្អាត, ថាមពលអគ្គិសនី, អប់រំ, សុខាភិបាល និងការកសាងហេដ្ឋា រចនាសម្ព័ន្ធរូបវ័ន្តនានា និងទឹកប្រាក់ប្រមាណជាង ៤០០ លានដុល្លារ ជាឥណទានសម្បទានសម្រាប់ហិរញ្ញប្បទានបន្ថែម ដល់គម្រោងធ្វើឲ្យ ប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥ (ស្ពានព្រែកក្តាម-ក្រុងបោយប៉ែត) គម្រោងអភិវឌ្ឍន៍ចំណត កុងតែន័រកំពង់ផែ ស្វយ័ត ក្រុងព្រះសីហនុ, គម្រោងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រ និងគម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយ អគ្គិសនីជាដើម រួមជាមួយវិភាគទានរបស់ប្រជាជនជប៉ុន សុទ្ធសឹងគាំទ្រដល់យុទ្ធសាស្ត្រនៃការអភិវឌ្ឍជាតិរបស់កម្ពុជា ។

ទំហំនៃការវិនិយោគឯកជនពីប្រទេសជប៉ុន មានទឹកប្រាក់ប្រមាណ ៤៤០ លានដុល្លារអាមេរិក ក្នុងនោះការនាំចេញទៅប្រទេសជប៉ុន មានទំហំទឹកប្រាក់ប្រមាណ ១៦០០ លានដុល្លារអាមេរិក ។

ចំណែកទំហំនៃការវិនិយោគ និងពាណិជ្ជកម្មជប៉ុន គិតត្រឹមឆមាសទី១ ឆ្នាំ២០១៩ នេះ មានទឹកប្រាក់កើន ឡើងប្រមាណជិត ៥០០ លានដុល្លារអាមេរិក រីឯការនាំចេញទៅប្រទេសជប៉ុន មានទំហំទឹកប្រាក់ ប្រមាណជាង ១ ៧០០ លានដុល្លារអាមេរិក ៕