ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួង​សាធារណការ ការឃាត់រថយន្ត​អត់​ពន្ធ​ជាង៥០០​គ្រឿង​រក​ម្ចាស់​មិនឃើញ

​ភ្នំពេញ​៖ រថយន្តទំនើបៗជាង ៥០០ គ្រឿង នាំចូលអត់​បង់ពន្ធ​ ត្រូវបាន​ឃាត់ទុក នៅក្នុង​ឃ្លាំង​របស់​គយ នៅតាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ ក្នុង​រាជធានី​ភ្នំពេញ​។ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានប្រកាសថា ធ្វើ​ឡើង ក្រោម​គំនិត​ផ្តួចផ្តើម​របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ត​ភ្ជាប់​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជាមួយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ​កាលពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៩ បាន​ផ្សព្វផ្សាយ​នូវ​សកម្មភាព​ក្រុមការងារ​អន្តរក្រសួង បាន​ចុះ​ត្រួតពិនិត្យ​រថយន្ត មាន​ភាពមិនប្រក្រតី ត្រូវបាន​ឃាត់ទុក​មួយចំនួន ក្នុងចំណោម​ជាង ៥០០​គ្រឿង​។​

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានប្រកាសថា ការចុះពិនិត្យ​រថយន្ត​ជាក់ស្តែង កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩ ត្រូវបាន​ធ្វើឡើង ក្នុង​គោលបំណង ដើម្បី​វាយតម្លៃ​លើ​ភាពមិនប្រក្រតី​នៃ​រថយន្ត​គ្មាន​បង្កាន់ដៃ​ពន្ធ​នាំចូល មិនមាន​ផ្លាកលេខ ពាក់​ផ្លាកលេខ​ក្លែងក្លាយ ពាក់​ផ្លាកលេខ បាន​ពី​ផល​ចោរកម្ម រថយន្ត​កាត់ត និង​មាន​បញ្ហា​លេខ​តួ លេខ​ម៉ាស៊ីន ម៉ូ​ដែល និង​ឆ្នាំ​ផលិត និង​ទ្រង់ទ្រាយ​ផ្សេង ជាដើម​…​។​ល​។​

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​គូស​ញ្ជា​ក់ថា រថយន្ត​ដែល​ត្រូវបាន​ឃាត់ទុក​នោះ មាន​ជាង ៥០០​គ្រឿង ក្នុងនោះ ជាង ២០០​គ្រឿង ត្រូវបាន​ចាប់​ដោយ​គយ​ចល័ត ព្រោះ​មាន​ទិន្នន័យ​កំណត់​គោលដៅ​ច្បាស់លាស់​ពី​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។
​ក្រសួង​បញ្ជាក់ថា «​កិច្ចខិតខំ​ប្រឹងប្រែង​នេះ ក៏បាន​ចូលរួម​ធ្វើឱ្យ​ចំណូល​ពន្ធ​នាំចូល​យានយន្ត មានការ​កើនឡើង​ប្រមាណ ៣៤% ក្នុង​ឆ្នាំ​២០១៨ ធៀប​នឹង​ឆ្នាំ​២០១៧»​។​

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មិនបាន​បញ្ជាក់ថា ម្ចាស់​រថយន្ត​ទំនើបៗ ដែល​ត្រូវបាន​ឃាត់ទុក​នេះ ជា​នរណា ហើយ​មិនត្រូវ​ឃាត់ខ្លួន និង​នាំចូល​រថយន្ត​ទាំងនោះ ចូលមក​ដោយ​របៀប​ណា​នោះទេ​។ ពោលគឺ​ឃាត់​បានតែ​ឡាន​ប៉ុណ្ណោះ​  ។

​តាម​រូបថត ដែល​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ផ្សព្វផ្សាយ គឺ​ក្នុងចំណោម​រថយន្ត ដែល​បាន​ឃាត់ទុក​នោះ មាន​ទាំង​ស្លាក​លេខ​ធម្មតា​ ​ស្លាក​លេខ​រដ្ឋ ខេមរភូមិន្ទ​ និងនគរបាល ជាដើម​។​

​ចំពោះ​ករណីនេះ ត្រូវបាន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឆ្លើយតប​នឹង comments របស់​អ្នក​ហ្វេ​ស​ប៊ុ​កថា «​ផ្លាក​ដែល​ចាប់បាន​ជាមួយ​រថយន្ត​ទាំងនោះ ជា​ផ្លាក​ផល​ចោរកម្ម និង​ផ្លាក​ក្លែងក្លាយ​»​៕​