កំពង់ធំ៖ លោកលាង សួគ៌ ប្រធានសាលាដំបូង និងលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំបានបើកកិច្ចប្រជុំ មន្រ្តីនគរបាលយុត្តិធម៌ ដើម្បីបំភ្លឺនៅចំនុចងឿងឆ្ងល់មួយចំនួន ពាក់ព័ន្ធនិង ការទប់ស្កាត់ ការពារបទល្មើសធនធានធម្មជាតិ និងបទល្មើសសំអាតប្រាក់ ។
កិច្ចប្រជុំនេះបានធ្វើឡើងនៅថ្ងៃទី២៧ខែសីហាឆ្នាំ២០១៩ ជាវេទិការមួយដើម្បី បំភ្លឺនៅចំនុចងឿងឆ្ងល់មួយចំនួន ពាក់ព័ន្ធទៅនិង ការទប់ស្កាត់ ការពារបទល្មើសធនធានធម្មជាតិ និងបទល្មើសសំអាតប្រាក់ តម្រូវឲ្យមន្រ្តីនគរបាលយុត្តិធម៌ទាំងអស់ រួមគ្នា ការពារនិងបង្រ្កាបបទល្មើស ឲ្យទទួលបានលទ្ធផលល្អប្រសើរ នៅក្នុងខេត្តកំពង់ធំ ។
លោក លាង សួគ៌ ប្រធានសាលា ដំបូងខេត្តកំពង់ធំ បានថ្លែងថា មន្រ្តីនគរបាលយុត្តិធម៌ ទាំងអស់គ្រប់ស្ថានប័ន រួមគ្នាទប់ស្កាត់ការពារ ធនធានធម្មជាតិ ដោយសហការគ្នាឲ្យបានល្អ ក្នុងការ អនុវត្តច្បាប់ ជាពិសេសត្រូវធ្វើការស៊ើបអង្កេត បទល្មើសសំអាតប្រាក់ ដែលជាបទល្មើស ដែលប្រមុខរាជរដ្ឋាភិបាល កំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការលុបបំបាត់នូវបទល្មើសសំអាតប្រាក់នៅកម្ពុជា
លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង មានបញ្ជាក់ថា បទល្មើសសំអាតប្រាក់ គឺជាបទល្មើសឧក្រិដ្ឋ ដែលជាគោលបំណងបិទបាំងឬក្លែងប្រភពដើម មិនស្របច្បាប់នៃទ្រព្យសម្បត្តិ បានបំឡែងប្រាក់ដោយមិនស្របច្បាប់ បានមកដោយការជួញដូរអ្វីដែលខុសច្បាប់ ។
លោកព្រះរាជអាជ្ញា បន្តទៀតថា តែបើកមុខរបរ ដើម្បីកំបាំងមុខ យកលុយដែល មិនស្របច្បាប់ មកប្រើប្រាស់ នេះគឺជាសកម្មភាពសំអាតប្រាក់ ការសង្កេតមើលគឺបុគ្គលម្នាក់ បានបើកមុខរបរតូចមួយ ដែលចំណូលមធ្យម តែការចំណាយ និងទង្វើប្រើប្រាស់លុយ ច្រើនលើសលប់ និងជាការសម្អាតប្រាក់ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ ទៅ៥ ឆ្នាំ និងពន័យជាប្រាក់ពី ៤០ ០០០ ០០០ រៀល រហូតដល់១០០ ០០០ ០០០ រៀល ឬរហូតដល់ស្មើនឹង តម្លៃមូលនិធិឬទ្រព្យសម្បត្តិដែលជាកម្មវត្ថុនៃកាសម្អាតប្រាក់ ៕